ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភូមិ​កីឡា​សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នឹងមាន​១.៧០០​បន្ទប់​

247

​ភ្នំពេញ​៖​ការកសាង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២១​ហើយ​បន្ទាប់ពីនោះ​ទៅ​អ្វីដែល​សំខាន់​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែរនោះ​គឺ​ភូមិ​កីឡា​ដែលជា​កន្លែង​ស្នាក់នៅ​ដ៏​មាន​ផាសុខភាព និង សុវត្ថិភាព​សម្រាប់​កីឡាករ កីឡាការិនី ។​

​ ​សម្រាប់​ការរាប់​ថយក្រោយ​បើ​គិត​ត្រឹម​ថ្ងៃទី​២១​វិច្ឆិកា​២០២០​នេះ​ទៅ​គឺ​នៅសល់តែ​៨៩២
​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​កាលបរិច្ឆេទ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គឹ​ម​លើក​ទី​២៣​ឆ្នាំ​២០២៣​នឹង​ឈាន​មក​
​ដល់​ហើយ ។​

​ ​ជាមួយនឹង​ពិធី​បិទ​បើក​គឺជា​បញ្ហាសំខាន់​នោះ​ហេដ្ឋារចនាសម្ព័ន្ធ​ទីលាន​ប្រកួត​កីឡា​
​ផ្សេងៗ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ក៏​ជា​រឿង​សំខាន់​ហើយ​គម្រោង​ដ៏​សំខាន់​មួយទៀត​
​នោះ​គឺ​គឺ ភូមិ​កីឡា ឬ បុរី​កីឡា​(Sport Village) ដែលជា​កន្លែង​ស្នាក់នៅ ហូបចុក​របស់​កីឡាករ​-​កីឡាការិនី ក្នុងអំឡុងពេល​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​តាម​ការបញ្ជាក់​នៅលើ​ទំព័រ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) គម្រោង​សាងសង់​ភូមិ​កីឡា ឬ​បុរី​កីឡា គឺជា​ការសហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​World Bridge Sport Village​ដោយ​នៅក្នុង​គម្រោង​ដែលមាន​សោ​ភ័​ណ្ឌ​ភាព​និង​រចនាបទ​ល្អ​គោរព​ទៅតាម​បទដ្ឋាន​និយាម​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​​មរតក​តេ​ជោ​ត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​៨​ហិកតា​ស្ថិតនៅ​ផ្នែក​ខាងក្រោយ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​

​លោក​វ៉ា​ត់​ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​និង​ជា​អគ្គលេខា​
​ធិ​ការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ បានលើកឡើង ថា ភូមិ​កីឡា គឺជា​កន្លែង​ស្នាក់នៅ​ហូបចុក​របស់​កីឡាករ​កីឡាការិនី​ក្នុងពេល​ស៊ី​ហ្គេម​ដែល​អាច​រក្សា​នូវ​សុវត្ថិភាព ការគ្រប់គ្រង​ជាដើម​។ ភូមិ​កីឡា​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រគល់​ឲ្យ​ក្រុមហ៊ុន World Bridge Sport Village​ដែលជា​ក្រុមហ៊ុន​ធ្លាប់មាន​ស្នាដៃ​កសាង​អគារ​ខ្ពស់ៗ​ក្នុង​រាជធានី​ភ្នំ​​ពេញ​។​

​ ​តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA
Games) ភូមិ​កីឡា​នេះ​មាន​អគារ​ស្នាក់នៅ វីឡា​មួយចំនួនទៀត សម្រាប់​មន្ត្រី អាជ្ញាកណ្តាល ចៅក្រម ដោយមាន​បន្ទប់​ស្នាក់នៅ​ជាង ១,៧០០​បន្ទប់ ក្នុងនោះ​មាន​បន្ទប់​ខ្លះ​មាន​គ្រែ​១ រហូតដល់​គ្រែ​៥​ដែលមាន​បំពាក់​សម្ភារៈ​មួយចំនួន​នៅតាម​បន្ទប់​ផងដែរ​ដើម្បី​ផ្តល់​ផាសុកភាព​ជូន​ដល់​កីឡាករ​-​កីឡាការិនី ដែល​ស្នាក់នៅ​ក្នុងពេល​ស៊ី​ហ្គេម ដែលមាន​រយៈពេល​ប្រមាណ ១​ខែ ដោយសារ​អត្ត​ព​លិ​ក​អន្តរជាតិ អាចមក​មុនពេល​ស៊ី​ហ្គេម ជាង​១០​ថ្ងៃ និង​ក្រោយ​ស៊ី​ហ្គេម ពី​២ ទៅ​៣​ថ្ងៃ​។​

​ក្នុងភូមិ​កីឡា​នេះ​នឹង​រៀបចំ​ឲ្យ​មាន​សារមន្ទីរ​ស៊ី​ហ្គេម​ដែល​នឹង​ផ្ទុក​វត្ថុ​អនុស្សាវរីយ៍​ទាំងឡាយ​នៅក្នុង​សារមន្ទីរ​ស៊ី​ហ្គេម សម្រាប់​ការសិក្សា​ស្រាវជ្រាវ​របស់​សិស្សានុសិស្ស និស្សិត ក៏​ដូ​ជា​មហាជន​ទូទៅ​ជំនាន់​ក្រោយៗ អាច​ស្វែងរក​ការស្រាវជ្រាវ​នៅ​ទីនោះ​បាន​។​

​ភូមិ​កីឡា​នេះ​នឹងត្រូវ​ប្រគល់ជូន​CAMSOC​នា​ចុងឆ្នាំ​២០២២​សម្រាប់​ការរៀបចំ​ប្រើប្រាស់​ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​តាម​ការគ្រោងទុក នឹង​អាចមាន​អត្ត​ព​លិ​ក​ប្រមាណ ៧.០០០​នាក់ រួមទាំង​ប្រតិភូ មន្ត្រី គ្រូបង្វឹក ប្រមាណ ៣.០០០​នាក់​ទៀត សរុប​ប្រមាណ ១០.០០០​នាក់ នៅក្នុង​ភូមិ​កីឡា​តែមួយ​នេះ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ថែរក្សា​សុវត្ថិភាព ក៏ដូចជា​អាច​ហូបចុក ស្នាក់នៅ​ជុំគ្នា ព្រមទាំង​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ផងដែរ​។​
​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម – SEA Games) លើក​ទី​៣២ ដែល​កម្ពុជា ត្រៀម​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ នឹងធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៣៕

អត្ថបទដែលជាប់ទាក់ទង