ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងឥណ្ឌា ពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរ លើគម្រោង Digital

177


ភ្នំពេញ៖ តាមរយៈជំនួបពិភាក្សាការងារ ប្រទេសកម្ពុជានិងឥណ្ឌា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរ លើគម្រោង Digital Village ដែលនឹងជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ។

ព្រឹកថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបពិភាក្សាការងារ​ជាមួយលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារនៅទីស្ដីការក្រសួង។

ក្នុងកិច្ចពិភាក្សាការងារនេះ លោករដ្ឋមន្ត្រី បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទៅលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ តាមរយៈជំនួបពិភាក្សាការងារនេះ ប្រទេសទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរ ជាពិសេសលើគម្រោង Digital Village ដែលនឹងជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ ដែលក្នុងនោះរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា បានចាត់ក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) ជាតំណាងក្នុងការទទួលរ៉ាប់រងលើ ការអនុវត្តគម្រោងសាកល្បងខាងលើនៅកម្ពុជា។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានថ្លែងថា ក្រុមហ៊ុន TCIL បានបញ្ជូនក្រុមការងារ ដែលមានមន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញបច្ចេកទេស មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចសិក្សានេះ ក្រុមការងាររបស់ក្រុមហ៊ុន TCIL ក៏បានជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំតំណាងក្រសួង ដែលដឹកនាំដោយ លោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោក ត្រាំ អ៊ីវតឹក បានបញ្ជាក់ថា តាមរយៈកិច្ចពិភាក្សានោះ ភាគីឥណ្ឌា បានសម្រេចជ្រើសរើសយក ស្រុកទ្រាំង ខេត្តតាកែវ ជាកន្លែងសាកល្បងដំបូង ក្នុងការអនុវត្តគម្រោង ភូមិឌីជីថល (Digital Village)៕

អត្ថបទដែលជាប់ទាក់ទង