ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះមនុស្សធម៌ចំនួន៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ នៅស្រុកប្រាសាទបាគង ខេត្ដសៀរាប

222

សៀមរាប ៖ ផ្ទះ​មនុស្ស​ធម៌០៣ខ្នង មានទំហំ ៤ម៉ែត្រx៥,៥ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ក្រាលក្ដារ ជញ្ជាំងក្ដារ តម្កល់លើជើងតាង កម្ពស់១,៧០ម៉ែត្រ ដែលជាអំណោយរបស់លោកស្រី អាណា ប្រធានក្រុមអង្គររ៉ូតារីក្លឹបផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវ​បានលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការ​សាខា​កាកបាទ​ក្រហមកម្ពុជាខេត្តសៀមរាប និងសហការីប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ គ្មាន​ទីពឹង ០៣គ្រួសារ នៅភូមិ ឃុនមោឃ និងភូមិគោកត្នោត ឃុំកណ្តែក ស្រុក ប្រាសាទ​បាគង ខេត្តសៀមរាបកាលពី ថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ​ ឆ្នាំច ​សំរឹទ្ធិស័ក ព.ស​២៥៦២​ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។

លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា ផ្ទះមនុស្ស​ធម៌ទី៥២ ត្រូវបានប្រគល់ជូនគ្រួសារលោក ណែប ណៃ អាយុ៥៩ឆ្នាំ ជាគ្រួសារក្រីក្រ រស់នៅភូមិឃុនមោឃ, ផ្ទះមនុស្សធម៌ទី៥៣ ត្រូវបានប្រគល់ជូនគ្រួសារអ្នកមីង ផន សន អាយុ៥៩ឆ្នាំ ជាស្ត្រីមេម៉ាយមានជំងឺប្រចាំកាយ រស់នៅភូមិគោកត្នោត, ផ្ទះមនុស្សធម៌​ទី៥៤ ត្រូវបានប្រគល់ជូនគ្រួសារប្អូនស្រី រម្យ រ៉ាវឌី អាយុ១៨ឆ្នាំ គ្រួសារកុមារកំព្រា មាន​បងប្អូន៣នាក់ រស់នៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន សុង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទ​ក្រហមខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់​ប្រជា​ពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ​នយោបាយ​ណា​មួយឡើយ ដូចពាក្យស្លោកលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ។

លោកស្រី ក៏បានបញ្ជាក់ថា ដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារ បងស្រី ប្អូនប្រុស និងក្មួយស្រីទាំងបីគ្រួសារនេះហើយ ទើបសាខាកាកបាទក្រហមកម្ពុជា​ខេត្ត​សៀមរាប សម្រេចសាងសង់ផ្ទះជូនពួកគាត់។ កត្តាទាំងនេះបានបញ្ជាក់ពីការយក​ចិត្ត​ទុក​ដាក់ខ្ពស់របស់កាកបាទក្រហមកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ក្រោមម្លប់សន្តិភាព នៃមហាគ្រួសារខ្មែរតែមួយ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនាវាកម្ពុជា ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។

លោកស្រីក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីជួយសម្រួលដល់ជីវភាព និង ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ដើម្បីកាត់បន្ថយ​ការចំណាយប្រចាំថ្ងៃ ហើយត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជា​ជម្រកដ៏កក់​ក្តៅតរៀងទៅ ។ ជាមួយគ្នានេះដែរលោក

ស្រីក៏បាន​ចែកអំណោយមនុស្សធម៌​បន្ថែម​ក្នុង១គ្រួសារ រួមមាន៖ មុង២ ភួយ២ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូ​ក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ សម្ភារផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមពិធីម្នាក់ៗ​ទទួលបានថវិកា​១ម៉ឺន រៀល​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង