បូមសាំងក្បែរចង្ក្រានបាយ ឆាបជាអណ្តាតភ្លើងឆេះតូបលក់ឥវ៉ាន់០១ខ្នងម៉ត់ នៅស្រុកបវេល គិតជាទឹកប្រាក់ប្រមាណ៨០០០ដុល្លារ
ខេត្តបាត់ដំបង៖ តូបលក់ចាប់ហួយ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដែលគិតជាទឹកប្រាក់ប្រមាណ៨០០០ដុល្លារ ខណ:ដែលម្ចាស់យកប្រេងសាំងទៅបូមក្បែរចង្ក្រានដាំបាយក៏បណ្តាលអោយឆាបឆេះឡើងតែម្តង ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៧និង០០នាទីល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចក្រុមទី០៤ ភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា តូបលក់ចាប់ហួយដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៩ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ឆេះទាំងស្រុង ដែលមានម្ចាស់ឈ្មោះ រ៉ន សិទ្ធា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ភ្លាមៗនោះសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារផ្លូវឆ្ងាយនិងទទួលដំណឹងយឺតពេល ប៉ុន្តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសួរជំវិញកន្លែងកើតហេតុទើបដឹងថា មូលហេតុដែលបណ្តាលអោយកើតមានអគ្គិភ័យកើតឡើងខាងលើនេះគឺបណ្តាលមកពីម្ចាស់មានការធ្វេសប្រហែសដោយយកប្រេងសាំងទៅបូមក្បែរចង្ក្រានដាំបាយក៏បណ្តាលអោយឆាបឆេះឡើងតែម្តង។
សម្ភារខូចខាតតូបលក់ចាប់ហួយ០១ខ្នងឆេះទាំងស្រុង រួមនឹងសម្ភារៈឥវ៉ាន់ចាប់ហួយគិតជាទឹកប្រាក់សរុបចំនួន៨០០០ដុល្លារ ៕