ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោង​ការស្តារ​ប្រឡាយទឹក​ឱ្យ​កាន់តែ​ធំ និង ជីក​បុក​ស៊ី​ផាយ​អម​សងខាង​ប្រឡាយ​និង​អភិវឌ្ឍ​ស្ថានីយ​បូមទឹក​បឹងទំពុន​បន្ថែមទៀត​

244

​ភ្នំពេញ​៖​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ថា ៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ផែនការ​បំពាក់​ម៉ាស៊ីនបូមទឹក​ថ្មី​មួយគ្រឿង​ទំហំ​១​ម៉ែត្រ​កន្លះ​១​គ្រឿង និង​ទំហំ​១​ម៉ែត្រ​២​តឹក​ចំនួន​២​គ្រឿង រួមទាំង​ការស្តារ​ប្រឡាយទឹក​ឱ្យ​កាន់តែ​ធំ និង ជីក​បុក​ស៊ី​ផាយ​អម​សងខាង​ប្រឡាយ នៅ​ស្ថានីយ​បូមទឹក​បឹងទំពុន ដើម្បី​ព​ន្លឿ​ន​ការបូមទឹក​ឱ្យបាន​លឿន បញ្ចៀស​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹក​ទឹកភ្លៀង​នៅ​ឆ្នាំក្រោយៗ​ទៀត ។​

 

​ការសម្រេច​លើក​ផែនការ​បំពាក់​ម៉ា​ស៊ី​បូមទឹក​ថ្មី​រួមទាំង​ការស្តារ​ប្រឡាយ​នៅ​ស្ថានីយ​បូមទឹក​បឹងទំពុន​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការអភិវឌ្ឍ​ស្ថានីយ​បូម​បឹងទំពុន នៅ​សង្កាត់​បឹងទំពុន​ទី​១​ខណ្ឌមានជ័យ​នា​ព្រឹក​ថ្ងៃទី ២៧ ខែ វិច្ឆិកា នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។​

 

​លោក​អភិបាល​រាជធានី​បាន​បន្តថា​៖ បន្ទាប់ពី​ឆ្នាំនេះ​ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​រួមទាំង​សមត្ថភាព​បូមទឹក​នៅ មាន​កម្រិត​បានធ្វើឱ្យ​តំបន់​មួយចំនួន​រង​ការ​ជន់​លិច​ដោយសារ​ជំ​នន​ទឹកភ្លៀង ដែល​បង្ក​ការរំខាន​ដល់​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា​៖ ស្ថានីយ​បូមទឹក​បឹងទំពុន នេះ​បានទទួល​ទឹក​ពី​ផ្ទៃ​រងទឹក​ភ្លៀង​ជាច្រើន ដូចជា​ហូរ​ពី បឹង​សាឡាង តំបន់​ម៉ុង​ឌី​យ៉ា​ល់ ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​៣​ខណ្ឌ​ទទួល​គោក  តំបន់​លូ​ប្រាំ ស្ទឹងមានជ័យ និង​មួយផ្នែក​ទៀត​នៃ​ខណ្ឌ​ពោធិ​សែន​ជ័យ ដូច្នេះ​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​ឡើងវិញ​ដើម្បី​មាន​សមត្ថភាព​រំដោះ​ទឹកបាន​លឿន​។​

 

​លោក​បាន​បញ្ជាក់ថា​៖ អាជ្ញាធរ​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​ស្ថានីយ​បូមទឹក​នេះ​ចាប់ពី​ដើមរដូវ​ប្រាំង​ឆ្នាំ​២០២១ នេះ​តទៅ​ដើម្បី​ធ្វើយ៉ាងណា​កុំ​មានការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ឆ្នាំ​២០២១ ខាងមុខ​ត​ទៀត​។

​លោក​បាន​បន្តថា ចំណុច​នេះ​ថ្ងៃនេះ​ដែល​រដ្ឋបាល​រាជធានី​រៀបចំ​ប្រជុំ​ដើម្បី​ធ្វើ​កិច្ចការងារ​យើង​បន្ថែមទៀត ទី​១​ត្រូវ​សិក្សា​បន្ថែម​ពី​ស្ថានីយ​បូម ទី​២​ត្រូវ​រៀបចំ​បុក​ស៊ី​ផាយ ស្តា​រអាង​ស្តុក​ទឹក​ឡើងវិញ នេះ​ជា​ចំណុច​សំខាន់​ធ្វើយ៉ាងណា​ឱ្យ​ទឹក​ទៅដល់ ហើយ​មានទឹក​បូម​នៅ ស្ថានីយ​មាន​សមត្ថភាព​បូមទឹក​នេះ​ទាន់ពេលវេលា ធ្វើយ៉ាងណា​កុំឱ្យ​លិច ។​

 

​ក្នុងនោះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា​៖ ស្ថានភាព​ម៉ាស៊ីនបូមទឹក​បឹងទំពុន​បច្ចុប្បន្ន ដំណើរការបាន​៦​គ្រឿង ដែល​៤​គ្រឿង​ជា​ម៉ាស៊ីន​ចាស់​អាច​បូម​បាន​១០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី និង​ម៉ាស៊ីន​ថ្មី​ចំនួន​២​គ្រឿង អាច​បូ​ប​បាន​ចំនួន​៥ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី ដែល​សរុប​ទាំងអស់​១៥​ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី ដូចនេះ​មិន​បំពេញ​សេចក្តីត្រូវការ​បានឡើយ ។

 

​លោក​បាន​បន្តថា​៖ តាម​ការសិក្សា​បានឱ្យដឹងថា​ផ្ទៃ​រងទឹក​ភ្លៀង​ដែល​ហូរ​ទៅ​ស្ថានីយ​បឹងទំពុន​មាន​ទំហំ ៣០៣២​ហិកតា ប្រសិនបើ​ទឹកភ្លៀង​៣០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង នោះ​ចំនួន​ទឹកភ្លៀង​នឹង​កើនឡើង ជាង​៩​សែន​៩​ពាន់​ម៉ែត្រគូប ភ្លៀង​៤០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង បរិមាណ​ទឹក​ជាង​១​លាន​២​សែន និង​ប្រសិនបើ​ភ្លៀង​ខ្លាំង​៦០ មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​នោះ​បរិមាណ​ទឹកនឹង​ជាង​១​លាន​៨​សែន ម៉ែត្រគូប ដូច្នេះ​បរិមាណ​នេះ​មិនទាន់​ឆ្លើយតប​នឹង​ម៉ាស៊ីនបូមទឹក​នោះទេ ។

 

​លោក​បាន​បន្តថា​៖ ដើម្បី​ដោះ​បញ្ហា​ទឹកជំនន់​ទឹកភ្លៀង​នៅ​តំបន់​ស្ថា​នី​បូមទឹក​បឹងទំពុន​នេះ គឺ​ត្រូវអនុវត្ត​វិធានការ​ចំនួន​៦​ចំណុច​៖​។​

​ប្រធាន​មន្ទីរ​បញ្ជាក់ទៀតថា​៖​រដ្ឋបាល​រាជធានី​មាន​វិធានការ​ចំនួន​៦​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​នេះ ទី​ដ​១ បង្កើន​សមត្ថភាព​បូម​ទឹក ពី​១៥ ម៉ែត្រគូប ទៅ​២៧​ម៉ែត្រគូប ទី​២ ជីក​ស្តា​រអាង​ស្តុក​ទឹក​បឹង​តូច​ទំហំ​១២​ហិកតា​ឱ្យបាន​ជ្រៅ និង​បុក​ស៊ី​ប​ផាយ​ការពារ ទី​៣​ជីស្តារ​ភក់​សំរាម​ឱ្យបាន​ជាប្រចាំ ទី​៤ ជួសជុល​ស្ពាន​នៅ​អម​សង​សាង​ប្រ ឡាយ ទី​៥ បង្កើន​សមត្ថភាព​បូម​ទឹក​នៅ​ស្ថានីយ​ឡូ​ប្រាំពី​៨​ម៉ែត្រគូប ទៅ​២០​ម៉ែត្រគូប និង​ទី​៦ ត្រូវ​បំពាក់ ម៉ាស៊ីនភ្លើង​ដែលមាន​កម្លាំង​៣​ពាន់​កា​វ៉េ​ហា ដើម្បី​ការពារ​នៅពេល​ដាច់​ចរន្តអគ្គិសនី​។​

 

​សូមបញ្ជាក់ថា​៖ តាម​ផែនការ​អភិវឌ្ឍ​ស្ថានីយ​បូមទឹក​បឹងទំពុន​នេះ គ្រោង​ប្រើប្រាស់​រយៈពេល​៩​ខែ​ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០២០​នេះ​តទៅ​៕​

អត្ថបទដែលជាប់ទាក់ទង