ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន បានថ្លែងសារស្នើសូមសាខា អនុសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្តទូទាំងប្រទេស ពង្រឹង ពង្រីក សកម្មភាពផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងអំពីបញ្ហាអេដស៍ និងជំងឺកូវីដ-១៩ បានដល់សហគមន៍ជនបទ

77

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និងជា​ឥស្សរជនឆ្នើមថ្នាក់ជាតិ​នៃវេទិកាភាពជាអ្នកដឹកនាំតំបន់​អាស៊ី-ប៉ាស៊ីហ្វិក​បានចេញសារលិខិតឆ្លេីយតបមេរោគអេដស៍​ ជំងឺអេដស៍​ និងការអភិវឌ្ឍ​នៅកម្ពុជា​ ផ្ញេីជូនបងប្អូនជនរួមជាតិ​ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ១​ ធ្នូ​ ឆ្នាំ២០២០​ ក្រោមប្រធានបទ​ ៖​ «សាមគ្គីភាពជាសកល​ និងការទទួលខុសត្រូវរួមគ្នា​»។

ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២០ ក្រោមប្រធានបទ “សាមគ្គីភាព ជាសកល និងការទទួលខុសត្រូវរួមគ្នា។ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមឥស្សរជនឆ្នើម ថ្នាក់ជាតិនៃវេទិកាភាព ជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និង ការអភិវឌ្ឍនៅកម្ពុជា ខ្ញុំមានក្តីសោមនស្សរីករាយ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយសកម្ម ជនប្រយុទ្ធនឹងជំងឺអេដស៍ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ ព្រមទាំងប្រជាជនកម្ពុជា និងប្រជាជនលើសកលលោកទាំងមូល ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២០ ដែលប្រធានបទបានកំណត់ឡើងនេះ មានគោលបំណងអំពាវនាវឱ្យមានការចូលរួមំ ឆ្លើយតប ជាពហុវិស័យគ្រប់ជ្រុងជ្រោយ និងក្នុងទ្រង់ទ្រាយធំ និងប្រកបដោយការចូលរួមយ៉ាង សកម្មពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីសហគមន៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ជំងឺ អេដស៍។ បន្ថែមពីលើនេះទៀត ក្នុងបរិការណ៍ ដែលពិភពលោកទាំងមូលរួមទាំងកម្ពុជាផងដែរ បាន និងកំពុងទទួលរងសម្ពាធនៃមេរោគរាតត្បាតសកល ដ៏កាចសាហាវកូវីដ-១៩ និងសម្ពាធនៃបម្រែ បម្រួលអាកាសធាតុថែមទៀតនោះ បានដាក់ជាបន្ទុកកាន់តែធ្ងន់ធ្ងរថែមទៀត មកលើសុខភាព ជីវភាពរស់នៅ មកលើវិស័យសេដ្ឋកិច្ចសង្គម និងវិស័យ ជាច្រើនទៀត ហើយដែលសំខាន់នោះ សម្រាប់អ្នកជំងឺអេដស៍ ត្រូវខិតខំរៀនរស់នៅធម្មតា តាមបែបគន្លងថ្មី។ ជាមួយនឹងស្ថានភាពនេះ ខ្ញុំ សូមប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តគាំទ្រ និងចូលរួមអនុវត្តសកម្មភាពចម្បងៗនៃគោលដៅ អភិវឌ្ឍន៍មានចីរភាព និងផែនការយុទ្ធសាស្ត្រជាតិ ដែលកំណត់គោលដៅបញ្ចប់បញ្ហាអេដស៍នៅ ឆ្នាំ២០២៥ តាមរយៈការពង្រីកសកម្មភាពចូលរួមជាមួយរាជរដ្ឋាភិបាលឱ្យបានទ្វេដង ក្នុងការ ប្រយុទ្ធនឹងជំងឺអេដស៍ដោយជំរុញឱ្យមានការយកចិត្តទុកដាក់លើការងារជាអាទិភាពទីមួយ ចូលរួមទប់ស្កាត់មិនឱ្យមានការឆ្លងថ្មី ជាពិសេសក្នុងចំណោមយុវវ័យ និងទប់ស្កាត់ការចម្លងពី ម្តាយទៅកូន, ទីពីរ ផ្តល់សេវាគាំទ្រចិត្តសាស្ត្រសង្គមដល់អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងទីបី គឺបន្តពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយលើកកម្ពស់លុបបំបាត់រាល់ទម្រង់នៃការមាក់ងាយ និង រើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។

ជាការពិតណាស់ ជាង២០ឆ្នាំកន្លងមកនេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរ ជនឆ្នើមថ្នាក់ជាតិ បាននិងកំពុងធ្វើការអប់រំផ្សព្វផ្សាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជួយ ជំរុញ និងលើកទឹកចិត្តឱ្យអ្នកសង្ស័យថាមានផ្ទុកមេរោគអេដស៍ កុំខ្មាសអៀន និងក្លាហានទៅ ពិនិត្យឈាមរកមេរោគអេដស៍ ជាពិសេសស្ត្រីមានផ្ទៃពោះដើម្បីបង្ការការចម្លងពីម្តាយទៅកូន , លើក ទឹកចិត្តអ្នកដែលបានធ្វើតេស្តឈាមរកមេរោគអេដស៍ហើយដឹងថាមានផ្ទុកមេរោគអេដស៍ ១០០% បានទៅទទួលសេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍, ហើយក្នុងចំណោម អ្នកដែលបានទទួលសេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ គឺប្រមាណ ៩៦% ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួន ចំណែកអត្រាផ្ទុក មេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅចាប់ពីអាយុ ១៥ ទៅ ៤៩ឆ្នាំបានធ្លាក់ចុះពី ១.៦% នៅឆ្នាំ ១៩៩៨ និងបានធ្លាក់ចុះជាបន្តបន្ទាប់មកនៅ ០.៥% នៅឆ្នាំ ២០១៩ នេះ, ជួយសម្រាល ជីវភាពសម្រេចបានប្រមាណ ៩២% នៃចំនួនសរុបអ្នកផ្ទុកមេរោគអេដស៍គ្រប់វ័យជាង ៧ម៉ឺននាក់ , បាននិងកំពុងលើកកម្ពស់មិនឱ្យមានការរើសអើងជាមួយអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ និងលើកទឹកចិត្តអ្នកទាំងនោះ “រស់នៅធម្មតា តាមបែបគន្លងថ្មីៗ។

ថ្វីត្បិតព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវជោគជ័យជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ស្ថានភាពជោគជ័យ របស់យើងនៅផុយស្រ័យនៅឡើយព្រោះថាយើងអាចភ្លេចអេដស៍ តែអេដស៍ពុំ ភ្លេចយើងឡើយ។ បើយើងធ្វេសប្រហែសតែបន្តិចដោយប្រការណាមួយនោះ ការរីករាលដាល មេរោគអេដស៍ នឹង អាចផ្ទុះឡើង ជាមិនខានឡើយ ជាពិសេសយើង មាន ការព្រួយបារម្ភក្នុង ចំណោម ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់ និងចាក់គ្រឿងញៀន ន ក្រុមស្ត្រីបម្រើការងារក្នុងគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ ក្រុមយុវវ័យ ក្រុមប្រជាជន ចំណាកស្រុកជាដើម។

ដោយហេតុផលខាងលើនេះ រួមជាមួយនឹងការប្រឈមទៅនឹងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ខ្ញុំសូមអំពាវនាវដូចតទៅ ៖

១. សូមសាខា អនុសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្តទូទាំងប្រទេស ពង្រឹង ពង្រីក សកម្មភាពផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងអំពីបញ្ហាអេដស៍ និងជំងឺកូវី ដ-១៩ បានដល់សហគមន៍ជនបទ និងត្រូវផ្តល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគ អេដស៍ និងអ្នកជំងឺអេដស៍ រស់នៅធម្មតា តាមបែបគន្លងថ្មីៗ។

២. សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានប្រព្រឹត្តឬសង្ស័យថា ខ្លួនបានប្រឈមនឹង ការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្ត ឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ នៅតាមសេវាសាធារណៈសេវាអង្គការសង្គមស៊ីវិល សេវាឯកជន។ល។ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុក មេរោគអេដស៍ ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្តទៅទទួលសេវាថែទាំ និង ព្យាបាលបន្តបានទាន់ពេលវេលា។

៣. សូមស្ត្រីមានផ្ទៃពោះទាំងអស់ ប្រញាប់រួសរាន់ទៅស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីទប់ស្កាត់ការចម្លង មេរោគអេដស៍ពីម្តាយទៅទារក។

៤. សូមបញ្ឈប់ជាដាច់ខាត នូវគ្រប់ទម្រង់មាក់ងាយ និងរើសអើងទៅលើអ្នកផ្ទុកមេរោគ អេដស៍ និងជំងឺអេដស៍ ព្រោះជាអំពើផ្ទុយទៅនឹងច្បាប់ ស្តីពីការបង្ការ និងទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាផង និងជាទង្វើអមនុស្សធម៌ផង។

៥. សូមប្រជាពលរដ្ឋទាំងឡាយដែលមានមុខរបរ ឬមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លង មេរោគអេដស៍ សូមប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% នៅរៀងរាល់ពេលដែល មានទំនាក់ទំនងរួមភេទ។

៦. សូមបង-ប្អូនរួមជាតិ រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិ ជាកម្លាំងសាមគ្គីភាពរឹងមាំក្នុងការ ទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ជាពិសេសមិនឱ្យកើតមានក្នុងសហគមន៍។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូមអំពាវនាវដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍជាតិ -អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រ និង អនុវត្តដោយម៉ឺងម៉ាត់ នូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ លើកទី៥ ឆ្នាំ ២០១៩-២០២៣ រួមជាមួយនឹងការលើកកម្ពស់ ការអនុវត្ត វិធានការជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នេះ៕

អត្ថបទដែលជាប់ទាក់ទង