អ្នកមិនទាន់បង់ពន្ធ ត្រូវរួសរាន់ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងនិងយានជំនិះគ្រប់ប្រភេទសំរាប់ឆ្នាំ២០២០
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកជាលើកចុងក្រោយ ដល់ប្រជាពលរដ្ឋ ដែលនៅ មមិនទាន់បានទៅបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២០ ត្រូវរួសរាន់ទៅបង់ពន្ធ ដើម្បីចៀសវាងទទួលរងនូវទោសទណ្ឌ តាមច្បាប់ ខណៈការបង់ពន្ធនឹងបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ខែវិច្ឆិកានេះហើយ។
អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ក្នុងករណីយានជំនិះគ្រប់ប្រភេទខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ដនឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចជាពិសេសនគរបាលចរាចរណ៍ ដើម្បីចុះពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបទបញ្ចប់ការប្រមូលពន្ធ។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានបានប្រាប់ព័ត៌មានថា អគ្គនាយកដ្ឋានពន្ធដារ មិនមានការពន្យារពេល ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០ នោះទេ។ លោកបានបន្តថា ទោះបីការប្រមូលពន្ធនេះ ត្រូវបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្តី ក៏បងប្អូនជាម្ចាស់យានយន្ត នៅតែអាចបង់ពន្ធនេះ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០បាន ប៉ុន្តែត្រូវរងការពិន័យ៕