ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ក្រោយ​វៀតណាម​រុះរើ​តង់​ចេញ ទើប​អាជ្ញាធរ​ខេត្តកណ្តាល​ចុះទៅពិនិត្យ​

673

 

​កណ្តាល​៖ ឯកឧត្ដម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្ដាល និង​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​មន្ដ្រី​ចុះ​ពិនិត្យ​ការរុះរើ​តង់​របស់​វៀតណាម ដែល​នៅជាប់​ព្រំដែន ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កោះធំ នា​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​សូមជម្រាបថា តង់​ចំនួន​២៦​កន្លែង ដែល​វៀតណាម បាន​បោះទីតាំង​នៅជាប់​ព្រំដែន​ខេត្តកណ្តាល ត្រូវបាន​ទាហាន​វៀតណាម រុះរើ​ចេញ​វិញ​អស់ហើយ នៅ​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។

​នេះ​បើតាម ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បានបញ្ជាក់​ប្រាប់​បែបនេះ ក្នុងពេលដែល​ឯកឧត្តម​ចុះ​ពិនិត្យមើល​ការរុះរើ​តង់​នេះ បានធ្វើ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មានការ​សន្ទនា​តាម​ប្រព័ន្ធ​វិ​ដេ​អូរ​វាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ង្វៀង សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា ដើម្បី​រឹតបន្តឹង​ការ​ឆ្លងដែន​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ភាគី​វៀតណាម​បាន​បោះតង់​យោធា​នៅជាប់​ព្រំដែន​ស្រុក​លើកដែក និង​ស្រុក​កោះធំ ខេត្តកណ្ដាល ដែល​នៅ​ចំណុច​នេះ​ភាគី​ទាំងពីរ មិនទាន់មាន​ការឯកភាព​គ្នា​លើ​ខ្សែបន្ទាត់​ព្រំដែន​នៅឡើយ​ទេ​។
​បន្ទាប់ពី​មានការ​តវ៉ា​ពី​ភាគី​កម្ពុជា រួមមាន​ទាំង​ការធ្វើ​កំណត់​ទូត​ផង​នោះ ប្រទេស​វៀតណាម ក៏បាន​រុះរើ​តង់​មួយចំនួន​ចេញ មុននឹង​ឈានដល់​ការរុះរើ​ទាំងស្រុង​នៅថ្ងៃនេះ​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង