ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូត​ម៉ាឡេស៊ី ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ ១៦​មុខ ជូន​ដល់​កាកបាទក្រហមកម្ពុជា សម្រាប់​ប្រតិបត្តិ​ការជួយ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ក្រោយ​ទឹកជំនន់​

96

​ភ្នំពេញ​៖ តំណាង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា សូម​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជួយឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​ចំនួន ១៦​មុខ ដល់​កាកបាទក្រហមកម្ពុជា សម្រាប់​ប្រតិបត្តិ​ការជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ក្រោយ​គ្រោះទឹកជំនន់​រហ័ស ឆ្នាំ​២០ ២០​នេះ​។ ពិធី​ទទួល​អំណោយ​នេះ បាន​ប្រ​ព្រឹ​ត្ដ​កាលពី​ថ្ងៃទី​២៨ វិច្ឆិកា​នៅ​ស្នាក់ការ​កណ្ដាល កាកបាទក្រហមកម្ពុជា នឹង​ចាត់ចែង នាំយក​អំណោយ​នេះ​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​គ្រោះមហន្តរាយ​ផ្សេងៗ​ដោយ​ផ្ទាល់ដៃ​។​

លោកស្រី​ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក Colonel HAzmi Hamid អនុព័ន្ធយោធា​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ដឹកនាំ​គណៈ​ប្រ​ភិ​ភូ តំណាងឱ្យ​ស្ថានទូត និង​ប្រជាជន​ម៉ាឡេស៊ី អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ក្នុងឱកាស​នៃ​ពិធី​ប្រគល់​-​ទទួល​អំណោយ​ខាងលើនេះ ដែលជា​សក្ខីភាព​នៃ​ទឹកចិត្ត​ជ្រះថ្លា​របស់​សប្បុរសជន​ជាតិ​-​អន្តរជាតិ ដោយបាន​បង្ហាញ​ពី​ស្មារតី​នៃ​ការចែករំលែក និង​កម្លាំង​សាមគ្គី ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​មាន​អាសន្ន ជាពិសេស​បាន​ឆ្លុះបញ្ចាំង​ពី​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​រឹងមាំ​យូរអង្វែង រវាង​ប្រជាជន និង​ប្រទេស កម្ពុជា​-​ម៉ាឡេស៊ី​។​

សូមបញ្ជាក់ថា ចាប់តាំងពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន បានផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត បាន​សរុប​ចំនួន ៩៨.៣៥០​គ្រួសារ​។ ដោយឡែក ចាប់ពី​ថ្ងៃទី​១ ខែតុលា ដល់​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត បាន​សរុប​ចំនួន ៣៤.០០២​គ្រួសារ រស់នៅ​ភូមិ​ចំនួន​១.០០២ ឃុំ​ចំនួន​៤៣៦ ស្រុក​ចំនួន​១៧១ និង​រាជធានី​-​ខេត្ត​ចំនួន​២៥ (​ក្នុងនោះ​ឆ្លើយតប​ដោយ​ទីស្នាក់ការ​ថ្នាក់កណ្តាល​ចំនួន ១៤.៩៧៦​គ្រួសារ និង​ដោយ​សាខា​ចំនួន ១៩.០២៦​គ្រួសារ​)៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង