ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ឈ្មួញ​លក់​រថយន្ត​អត់​ពន្ធ និងទិញផ្លាកលេខរថយន្តដែលចោរលួច ​​នៅ​ខេត្តកំពង់ឆ្នាំង​

124

​កំពង់ឆ្នាំង​៖ អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ឃាត់ខ្លួន​បុរស​ម្នាក់ និង​រថយន្ត LEXUS RX 400h កែច្នៃ​មួយគ្រឿង​តាម​ដីកា​សម្រេច​ឱ្យ​បើក​ការស៊ើបអង្កេត​ជាក់ស្តែង ពី​ស្ថាប័ន​អយ្យការ​ខេត្តកំពង់ឆ្នាំង ដើម្បី​យក​សួរនាំ​ដោយ​សង្ស័យ​ជាប់​ពាក់​ព័​ណ្ធ​អំពើចោរកម្ម ឬ​ការ​ក្លែងបន្លំ​ផ្លាកលេខ​។ ការឃាត់ខ្លួន​បុរស​ខាង​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​បឋម បានឱ្យដឹងថា ក្រោយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ទទួលបាន​ដីកា​សម្រេច​ឱ្យ​បើក​ការស៊ើបអង្កេត​ជាក់ស្តែង ពី​ស្ថាប័ន​អយ្យការ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​សង្កាត់​ខ្សា​ម ខេត្តកំពង់ឆ្នាំង​រួចមក កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បានធ្វើ​ការឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក LEXUS RX 400h ពណ៌​សរ ពាក់​ស្លាក​លេខ​ក្លែងក្លាយ ភ្នំពេញ BD-9326 ដែលមាន​ជនសង្ស័យ​ឈ្មោះ ឃឹម ប៊ុនធឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជា​ម្ចាស់​រថយន្ត​។​

​ឈ្មោះ ឃឹម ប៊ុនធឿន នេះ​មានមុខរ​បរជា​ម្ចាស់កា​រ៉ា​ស​ជួសជុល​រថយន្ត​មួយកន្លែង និង​ជា​ឈ្មួញ​ដុះ​ស្លែ​រកស៊ី​ទិញ​លក់​តែ​រថយន្ត​អត់​ពន្ធ​ទំនើបៗ ដូចជា​៖ CAMERY 2012, TUNTRA 2020, GS300, LEXUS RX 330 ឬ RX 400h, MAZDA PICK UP និង​រថយន្ត​សេរី​ទំនើបៗ​ជាច្រើន​ទៀត ដោយ​រថយន្ត​មួយគ្រឿងៗ​តម្លៃ​ចន្លោះ​ពី ៧,៥០០​ដុល្លារ ឬ​ត្រឹម​២០,០០០​ដុល្លារ ហើយ​ការទិញ​លក់​នោះ ខ្លួន​មាន​បក្ខ​ពួកខ្លួន និង​ឈ្មួញ​មួយចំនួន​ចាំ​ទិញ​រថយន្ត​ទាំងនោះ​។ រីឯ​ឯកសារ​គឺ​ឈ្មោះ ឃឹម ប៊ុនធឿន ជា​អ្នក​ជួយ​រៀបចំ​ឯកសារ​ក្លែងក្លាយ​ឱ្យ និង​ជា​អ្នក​បំពាក់​ផ្លាកលេខ រថយន្ត​ក្លែង ដែល​ខ្លួន​បាន​ទិញ​ពី​ក្រុមចោរ​ឱ្យ​ថែម​ទៀតផង​។​

​ចំពោះ​ផ្លាកលេខ​រថយន្ត គឺជា​ផ្លាកលេខ​ដែល​ចោរលួច​យកមក​លក់​ឱ្យឈ្មោះ ឃឹម ប៊ុនធឿន ដែល​ឈ្មោះ​នេះ​តែងតែ​ទិញ​ទុក ដើម្បី​ទុក​សម្រាប់​បំពាក់​លើ​រថយន្ត​។ ដោយឡែក​រថយន្ត​ដែល​ឃាត់ បាន​ខាងលើនេះ សមត្ថកិច្ច​កំពុងតែ​ស៊ើបអង្កេត​បន្តថា​តើ​ជា​រថយន្ត​ដែល​លួច​គេ​មក ឬ​ជា​រថយន្ត​បាន​ទិញ​មកពីណា​។​

​គួរ​បញ្ជាក់ថា រថយន្ត​ម៉ាក LEXUS RX 400h ពណ៌​ស ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ BD-9326 ក្រោយ​ការស្រាវជ្រាវ ឃើញថា ជា​ផ្លាកលេខ​របស់​រថយន្ត តូ​យូ​តា​ហាយ​ឡិន​ឌឺ (HIGH LANDER) ស៊េរី​ឆ្នាំ​២០០២ ពណ៌​ខ្មៅ និង​មាន​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ GUO CHAOYANG (​គ័​រ ឆូវ​យ៉ាង​) រស់នៅ​ភ្នំពេញ មិនមែនជា​ផ្លាកលេខ​រថយន្ត LEXUS RX 400h ពណ៌​ស​នោះឡើយ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​លោក អ៉ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​សាធារណៈជន​ដែល​បាន​បាត់​ផ្លាកលេខ​រថយន្ត ឬ​បាត់​រថយន្ត​ដូច​មាន​ក្នុង​ភិនភាគ ក្នុង​រូបភាព​នេះ​អាចមក​ទំនាក់ទំនង​នៅ​ស្ថាប័ន​អយ្យការ​ខេត្តកំពង់ឆ្នាំង និង​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​រថយន្ត​មកជា​មួយ​ផង​៕

អត្ថបទដែលជាប់ទាក់ទង