ដំរីអាស៊ី ឈ្មោះ ខាវ៉ាន់ ដែលជាដំរីដ៏ឯកោបំផុតនៅលើពិភពលោក នៅទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាប
លោក នេត ភត្ត្រា បានបញ្ជាក់ថា ដំរីខាវ៉ាន់ជាដំរីឈ្មោល មានអាយុ ៣៥ ឆ្នាំត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថានតាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីខាវ៉ាន់ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ពីអំណេះតទៅ ដំរីខាវ៉ាន់នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។ សត្វដំរីខាវ៉ាន់នេះនឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់ក្រសួងបរិស្ថាន និងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS)។
ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះក្រុមអ្នកអភិរក្សសត្វព្រៃអន្តរជាតិ ក៏ដូចជាអ្នកចម្រៀងដ៏ល្បី ស័រ (Cher) រួមនឹងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS) និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលបានខិតខំជួយជ្រោមជ្រែងដើម្បីអាចឱ្យដំរីអាស៊ីដ៏ឯកោមួយក្បាលនេះមានសេរីភាព និងរស់នៅក្នុងព្រៃធម្មជាតិ។ ផ្ទះថ្មីរបស់ដំរីខាវ៉ាន់នៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលជាតំបន់ការពារធម្មជាតិ មួយក្នុងចំណោមតំបន់ការពា រធម្មជាតិនិងរបៀងអភិ់រក្សជីវៈចម្រុះទាំង ៦៨ កន្លែងរបស់ប្រទេស កម្ពុជា។ កម្ពុជាដែឡត្រូវបានទទួលស្គាល់ដោយពិភពលោកថាសម្បូណ៌ដោយជីវចម្រុះជាច្រើន ក្នុងនោះប្រភេទសត្វកម្រជិតផុតពូជបំផុត ជិតផុតពូជនិងប្រភេទសត្វដែលទទួលការគំរាមកំហែង គឺមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
លោក នេត្រ ភក្ត្រា បានថ្លែងថា ដំរីខាវ៉ាន់គឺជាប្រភេទដំរីអាស៊ីដែលជាប្រភេទរងការគំរាមកំហែង ហើយកម្ពុជាមានប្រភេទដំរីអាស៊ីនេះចន្លោះពី ៤០០ ទៅ៦០០ក្បាលដែលកំពុងតែរស់ នៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិរបស់កម្ពុជាក្នុងខេត្តរតនគិរីនិងមណ្ឌលគិរី និងនោក្នុងតំបន់ ជួរភ្នំក្រវ៉ាញ។ កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលផងដែរ។
លោក នេត្រ ភក្ត្រា បានថ្លែងទៀតថា សត្វដំរីអាស៊ីឈ្មោះខាវ៉ាន់នេះនឹងត្រូវយកទៅចិញ្ចឹម ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យដើម្បីធ្វើការបង្កាត់ពូជជាមួយដំរីក្នុងស្រុក គោលបំណងបង្កើតប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ីឱ្យកាន់តែប្រសើរឡើងថែមទៀត ជៀសវាងការបង្កាត់ជាន់ពូជ បង្កើននានាពន្ធុ (សេនេទិច) ការធន់នឹងអាកាសធាតុ និងជំងឺ និងសម្រាប់ជំរុញក្នុងវិស័យទេសចរណ៍ធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ជាមួយវិធានការអនុវត្តច្បាប់ដ៏តឹងរឹងរបស់សមត្ថកិច្ច និងការខិតខំប្រឹងប្រែងការពារនិងអភិរក្ស របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃដើម្បីយកភ្លុក និងកន្ទុយដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមក នៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មាន៕


