គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះណែនាំដល់ម្ចាស់អាហារដ្ឋាននានា អោយអនុវត្តន៍វិធានការបង្ការទប់ស្កាត់មេរោគកូវីដ១៩
ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមនបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី០១ខែធ្នូនេះថាដោយកាលពីរាត្រីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០នេះគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យ និង ធ្វើការណែនាំ ទៅដល់ម្ចាស់ទីតាំងអាជីវកម្មភោជនីយដ្ឋាន ,អាហារដ្ឋាន និង កន្លែងលក់ដូរនានា អោយអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងទៀតថាដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ក្នុងនោះគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំការងារដោយរូបខ្ញុំថេង សុថុល អភិបាលខណ្ឌ និង លោក ប៊ុន សុភ័ក្ត្រ និងលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ និងរដ្ឋបាលសង្កាត់ទាំង៥ បានចុះត្រួតពិនិត្យ ណែនាំ ដល់ទីតាំងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានា អោយអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ ព្រមទាំងណែនាំដល់ក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត ម៉ាស្សា និងស្ប៉ា ក្នុងមូលដ្ឋានខណ្ឌចំការមន អោយផ្អាកជាបណ្ដោះអាសន្ន ដោយអនុវត្តតាមសេចក្ដីណែនាំលេខ០០៩/២០សណន ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ ហេីយទីតាំងអាជីវកម្មមួយចំនួនក៏បានផ្អាកអាជីវកម្មដោយខ្លួនឯងផងដែរ។ដូចនេះយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕