ករណីសម្លាប់ប្រពន្ធមានផ្ទៃពោះ៨ខែ ទម្លាក់ពីលើអគារខុនដូ តុលាការដាក់គុកបុរសជាប្តី២ឆ្នាំ
ភ្នំពេញ៖ សំណុំរឿងស្ត្រីមានពពោះ៨ខែ ធ្លាក់ពីលើការដ្ឋានសំណង់អគារខុនដូ ក្បែរស្ថានទូតចិន ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីអំឡុងចុងឆ្នាំ២០១៧កន្លងទៅ ដែលមហាជនសង្ស័យថា ជារឿងអត្តឃាតនោះ ត្រូវបានតុលាការ ប្រកាសសាលក្រមហើយ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ ដោយតុលាការសម្រេចដាក់គុកបុរសជាប្តី២ឆ្នាំ ។
ការប្រកាសសាលក្រមនេះ មានលោក កី ម៉ានេរ៉ា អនុប្រធានតុលាការក្រុងភ្នំពេញ និងជាចៅក្រមជំនុំជម្រះមានលោក ហោ លីណា ជាតំណាងអយ្យការ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ ប៊ុន អូន ភេទប្រុស អាយុ២៥ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀលចូលជាថវិការដ្ឋ ពីបទ មនុស្សឃាតដោយអចេតនា និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ។
បើតាមអង្គហេតុនៃករណីនេះ ជនសង្ស័យបានប្រព្រឹត្តកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសំណង់ខុនដូមួយកន្លែង ផ្លូវ១៦៧ ក្រុមទី១៨ ភូមិ៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាលក្រមរបស់តុលាការ ក៏បានតម្រូវឲ្យជនជាប់ចោទសងសំណងជំងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណី ដែលជាឪពុកចំនួន១៥លានរៀលផងដែរ។ ប៉ុន្តែលោក ឡុង ជា ដែលជាឪពុកបង្កើតរបស់ជនរងគ្រោះឈ្មោះ ឡុង ញាញ់ បានសម្តែងការមិនពេញចិត្តទេ ដោយលោកយល់ថា ការសម្រេចរបស់ចៅក្រម មិនទាន់មានយុត្តិធម៌ឡើយ។
លោកអះអាងថា សាកសពកូនស្រីលោកមានស្នាមវាយបាក់ក បែកមុខ បែកក្បាល លៀនភ្នែក មិនមែនជាការប្រលែងជាមួយប្តី រអិលជើងធ្លាក់ពីលើអគារស្លាប់នោះទេ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ មានហេតុការណ៍ស្ត្រីមានផ្ទៃពោះខាងលើធ្លាក់ពីលើអគារស្លាប់ ដ៏រន្ធត់មួយបានកើតឡើង ស្ថិតនៅចំណុចការដ្ឋាន សំណង់អគារខុនដូរ ដែលកំពុងសាងសង់ ស្ថិតនៅខាងត្បូងស្ថានទូតចិន លើផ្លូវលេខ១៦៧ កែងផ្លូវ៤៣២ ក្នុងភូមិ៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕