សាលាដំបូងខេត្តក្រចេះ ឃុំខ្លួនអ្នកសារព័ត៌មាន៣នាក់
ក្រចេះ ៖ សាលាដំបូងខេត្តក្រចេះ បានសម្រេចឃុំខ្លួនអ្នកសារព័ត៌មាន៣នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទចោទ កំហែងយក ឆបោក និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ។
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចេញរបាយការណ៍ថា អ្នកកាសែត៣រូប គឺ ឈ្មោះ ហួត ដាវី, លោក ឃឹម ផល្លី អ្នកយកព័ត៌មាន កូនខ្មែរម្ចាស់ប្រទេស និងឈ្មោះ ហ៊ិ ហ៊ីន សារព័ត៌មានអ្នកស៊ើបអង្កេត ដែលត្រូវសាលាដំបូងខេត្តក្រចេះ ចាប់ឃុំខ្លួនពីបទ កំហែងយក ឆបោក និងបទជ្រៀតជ្រែកដោយខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។
លោក ម៉េង តូនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានបង្គាប់ឱ្យសមត្ថកិច្ចត្រូវធ្វើការនាំខ្លួនអ្នកសារព័ត៌មានទាំង៣នាក់ ទៅពន្ធនាគារខេត្តក្រចេះ ហើយប្រធានពន្ធនាគារត្រូវទទួលឃុំខ្លួនជនជាប់ចោទ រហូតមានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
លោចៅក្រម បានបញ្ជាក់ថា ជនដែលត្រូវបានឃុំខ្លួននោះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ កំហែងយក ឆបោក និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ ដែលប្រព្រឹត្តនៅភូមិខ្នាច ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ហើយលោកថា ក្រោយការចាប់ខ្លួន អ្នកទាំង៣នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ និងឃុំខ្លួនក្នុងពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំចំណាត់ការច្បាប់របស់តុលាការ៕