ប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹង”ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” អាចជាក្រុមវីរុស clad 19B ដែលអាចមកតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបានចរាចរចូលមកកម្ពុជា
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ប្រភពមេរោគដែលពាក់ព័ន្ធទៅនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” អាចជាក្រុមវីរុស clad 19B ដែលអាចមកតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបានចរាចរចូលមកកម្ពុជា ក្នុងអំឡុងពេលពីខែតុលា ឆ្នាំ២០២០ មកទល់នឹងពេលមានផ្ទុះករណីឆ្លងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹង”ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា”។
នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩បានថ្លែងថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារអន្តរក្រសួង ទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នា ជាមួយនឹងក្រុមការងាររបស់ក្រសួងសុខាភិបាល បានខិតខំធ្វើការស្រាវជ្រាវរកប្រភព នៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” និងតាមការពិភាក្សាក្នុងក្រុមការងារថ្នាក់ ដឹកនាំក្រសួងសុខាភិបាល ជាមួយនឹងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ដោយយោងតាមព័ត៌មានដែលទទួលបានត្រឹមម៉ោង ១១និង៤៥នាទីយប់នៃថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ និងការសិក្សាផ្នែកមន្ទីរពិសោធន៍ តាមបែបវិទ្យាសាស្ត្រ លើប្រភេទវីរុសកូវីដ-១៩ ដែលអាចចម្លងមកកម្ពុជា សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រុមការងារអាចទាញការសន្និដ្ឋានជាបឋម មានដូចតទៅ៖
១. ប្រភពមេរោគដែលពាក់ព័ន្ធទៅនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” អាចជាក្រុមវីរុស clad 19B ដែលអាចមកតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបានចរាចរចូលមកកម្ពុជា ក្នុងអំឡុងពេលពីខែតុលា ឆ្នាំ២០២០ មកទល់នឹងពេលមានផ្ទុះករណីឆ្លងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
២. តាមការពិចារណាដោយហ្មត់ចត់ លើលទ្ធផល នៃការសិក្សាវត្ថុសំណាកអ្នកជំងឺបំបែកបន្តៗគ្នា រកភាពដូចគ្នានៃ វីរុសកូវីដ-១៩ (Sequencing Covid-19 virus sample) ទៅនឹងសំណាករូបរាងវីរុសកូវីដ-១៩ ពីតំបន់ផ្សេងៗគ្នា បានបង្ហាញថា គឺមិនមានការទាក់ទងនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា នោះទេ។
៣. ជំហ៊ានបន្ទាប់ ក្រុមការងារកំពុងស្រាវជ្រាវបន្ថែម អំពីប្រភពចម្លងវីរុសកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏សូមបងប្អូនសាធារណជនមេត្តាជ្រាប និងសូមរក្សាសភាពហ្នឹងនរចូល រួមអនុវត្តវិធានការការពារខ្លួនឲ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះ ឡើងទៅ) បើមិនមានការចាំបាច់ សុំនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅសមាជិកគ្រួសារខ្លួនឲ្យបានល្អ និងមិនត្រូវ មានការជួបជុំគ្នាច្រើនកុះករ (លើសពី ២០នាក់ ) នោះឡើយ។ ប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យករណីជំងឺកូវីដ-១៩ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ ឬទូរស័ព្ទលេខ ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៨៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕