ការចម្លងវីរុសកូវីដ-១៩ តាមការកាន់ក្រដាសប្រាក់ ដែលមានប្រឡាក់ទឹករំអិលផ្លូវដង្ហើមអ្នកមានវីរុសកូវីដ-១៩
ភ្នំពេញ៖លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងថា ការចម្លងវីរុសកូវីដ-១៩ តាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលផ្លូវដង្ហើមអ្នកមានវីរុសកូវីដ-១៩ ។
លោកជំទាវវេជ្ជបណ្ឌិត ក៏ជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រៅពីការប៉ះពាល់វត្ថុប្រើប្រាស់ដែលអ្នកជំងឺកូវីដ-១៩ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកម៉ិញនេះ ។
បើតាមលោកជំទាវវេជ្ជបណ្ឌិត៖ ខ្ញុំសុំឆ្លើយនូវសំណួរដែលបានសាកសួរមកខ្ញុំ ពីបងប្អូនមួយចំនួនលើការចម្លងតាមក្រដាសប្រាស់ នោះ ខ្ញុំសូមជម្រាបជូនដូចតទៅ ៖ ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឫស្លេសទឹកមាត់ ឫយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហើយមិនបានលាងដៃនឹងសាប៊ូ ឫអាល់កុល ឫទឹកជែលសម្រាប់លាងដៃ ភ្លាមៗ ទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលើក្រដាស់ប្រាស ហើយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហើយបុគ្គលនោះ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែក ជាដើម ដែលធ្វើឲ្យមានការចម្លងបានលឿនជាទីបំផុត ។ បន្ទាប់មក ក៏មានការចម្លងបន្តៗគ្នា ប្រសិនបើមិនបាន លាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ។
សង្ឃឹម ថា វីដេអូ ៥ឃ្លីបដែលបានចេញផ្សយព្រឹកម៉ិញនេះ នឹងបានជួយដល់ការចូលរួមរបស់បងប្អូនប្រជាលរដ្ឋ ក្នុងការអនុវត្តន៌វិធានការសុខាភិបាល ដូចបានម្រាបជូនរួចហើយនេះ បានត្រឹមត្រូវ និងបានគ្រប់ៗគ្នា ដេីម្បីបញ្ចៀសបាននូវការចម្លងក្នុងសហគមន៌ទ្រង់ទ្រាយធំ និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នា នៅក្នុងពេលបច្ចុប្បន្ននេះបានផងដែរ។ អរគុណច្រើននូវរាល់ការចូលរួមទាំងអស់គ្នា។
ដូច្នេះហើយ បានជាការលាងសម្អាតដៃ រាល់ពេលចាប់កាន់វត្ថុដូចជាតេលេកុំម៉ង់ ទូរសព្ទ័អ្នកដទៃ កញ្ចក់ ក្រដាសប្រាក់ ឫក្រដាសស្នាមផ្សេងៗ មានសារសំខាន់មែនទែន ក្រោយកាន់ភ្លាម លាងភ្លែត ឲ្យបានញឹកញាប់ ជាការចាំបាច់បំផុតក្នុងពេលនេះ ដែលវីរុសកូវីដ-១៩ កំពុងតែចរាចរ មិនដឹងថានៅទីណា និងដល់ទីណាខ្លះនោះ។ យើងបានខិតខំទាំងយប់ទាំងថ្ងៃ មិនបានសម្រាកទេ ដើម្បីកាត់ផ្តាច់ខ្សែចម្លងរបស់វា តែអាស្រ័យ លើការចូលរួមរបស់បងប្អូនទាំងអស់ លើការអនុវត្តតាមការណែនាំ និងវិធានការសុខាភិបាលដែលបានដាក់ចេញរួចហើយនេះ។ សូមបងប្អូនទាំងអស់ចៀសផុតពីការចម្លងវីរុសចង្រៃនេះ គ្រប់ៗគ្នា។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា ប្រសិនបើអ្នកជំងឺកូវីដ-១៩ កាន់ក្រដាសប្រាក់នោះ រួចហុចបន្ដទៅអ្នកដទៃទៀត ហើយនៅពេលអ្នកនោះចាប់កាន់លុយ និងដៃមកប៉ះច្រមុះ មាត់ ឬភ្នែកជាដើម នឹងធ្វើឲ្យឆ្លងជំងឺកូវីដ-១៩ជាក់ជាមិនខាន ព្រោះក្រដាសប្រាក់អាចផ្ទុកទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឬស្លេស ទឹកមាត់ ។ ល។
ដំណោះស្រាយ៖ ឧស្សាហ៍លាងអាល់កុលឬជែលនិងលាងដៃជាមួយទឹកនិងសាប៊ូ ពាក់ម៉ាស់គ្រប់ពេលវេលាពេលធ្វើការងារ ហាមយកដៃប៉ះមុខភ្នែកនិងច្រមុះ៕