សកម្មភាពចែកម៉ាស និងការផ្សព្វផ្សាយពីវិធានរបស់ក្រសួងសុខាភិបាល ត្រូវបានធ្វើឡើងទាំងយប់ទាំងថ្ងៃ នៅខណ្ឌទួលគោក
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿនបានបញ្ជាក់ឱ្យដឹងថា ចំពោះម៉ាកដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រគល់ឲ្យមករដ្ឋបាលរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់បន្តមកឱ្យរដ្ឋបាលខណ្ឌទួលគោក ត្រូវបានអាជ្ញាធរខណ្ឌ សង្កាត់ដូចជាផ្សារនានា បាននិងកំពុងធ្វើសកម្មភាព ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវដែលមិនបានពាក់ម៉ាស់ ។
លោកឯក ឃុនដឿនបានមានប្រសាសន៍ថា ក្រុមការងារខណ្ឌ គណៈកម្មការផ្សារនានានៅក្នុងខណ្ឌទួលគោកបានយកម៉ាសនេះទៅប្រគល់ជូនដល់បងប្អូនអាជីវករ ពិសេសបងប្អូនជីវករដែរលក់ក្រីក្រ លក់តាមកញ្ច្រែង ល្អីក្នុងទីផ្សារដើម្បីឲ្យពួកគាត់បានចូលរួមបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩ទាំងអស់គ្នាខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលដល់សហគមន៍ហើយនោះ។
លោកបញ្ជាក់បន្ថែមថា ចំពោះសកម្មភាពនៃការចែកម៉ាស ជាមួយនឹងការផ្សព្វផ្សាយពីវិធានរបស់ក្រសួងសុខាភិបាលតាមរយៈឃោសនសព្ទ ត្រូវបានធ្វើឡើងទាំងយប់ទាំងថ្ងៃ នៅក្នុងមូលដ្ឋានខណ្ឌមិនថា នៅតាមទីផ្សារឬនៅតាមពីសាធារណៈនោះទេ។
លោកបានបញ្ជាក់ទៀតថា មកដល់ពេលនេះតាមការសង្កេតឃើញនៅតាមដងផ្លូវ ក៏ដូចជានៅតាមទីផ្សារនានាប្រជាពលរដ្ឋ ហាក់ដូចជាមានការយល់ដឹងច្រើនចំពោះវិធានការការពារជំងឺកូវីដ–១៩ ដោយប្រជាពលរដ្ឋស្ទើរតែ១០០% ទៅហើយដែលពួកគាត់បានពាក់ម៉ាស់ការពារជំងឺកូវីដ–១៩ ។
ការបញ្ជាក់បែបនេះរបស់លោកឯក ឃុនដឿនបានធ្វើឡើងនាព្រឹកថ្ងៃទី០៧ខែធ្នូឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកដឹកនាំអាជ្ញាធរសង្កាត់ ផ្សារនិងសមត្ថកិច្ចប៉ូលិសមូលដ្ឋានខណ្ឌទួលគោក ចុះចែកម៉ាសជូនប្រជាពលរដ្ឋដែលជាអ្នកដំណើរនៅតាមផ្លូវម៉ៅសេទុងកែងនឹងផ្លូវ៣៣៦ក្នុងសង្កាត់បឹងសាឡាងជាប់ព្រំប្រទល់ សង្កាត់ផ្សារដើមគរខណ្ឌទួលគោករាជធានីភ្នំពេញ ។ ក្នុងឱកាសនោះលោកក៏បានធ្វើការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់សូមស្តាប់តាមការណែនាំរបស់របស់ក្រសួងសុខាភិបាល ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩ទាំងអស់គ្នា៕