អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យមើលសកម្មភាពការ ចាក់អ៊ុតកៅស៊ូផ្លូវទាំង ៣៤ ខ្សែនៅក្នុង ស្រុកព្រៃនប់និងក្នុងក្រុងព្រះសីហនុ
ព្រះសីហនុ ៖ ផ្លូវទាំង ៣៤ ខ្សែនៅក្នុង ស្រុកព្រៃនប់និងនៅក្រុងខេត្តព្រះសីហនុ ត្រូវបានចាប់ផ្ដើមធ្វើការចាក់អ៊ុតក្រាលកៅស៊ូ ដែលចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២០ កន្លងមក ហើយនៅព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២០ នេះ លោក គួច ចំរើន អភិបាលខេត្តរួមជាមួយនឹងមន្ត្រីជំនាញបានចុះពិនិត្យមើល ដំណើរការ អ៊ុតបេទីម លើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មួយចំនួនទៀតនៅក្នុងក្រុង ដូចជាផ្លូវបំបែក ពីរផ្លូវសេតេមកផ្លូវ សង្កាត់លេខ ២ ដែលជាផ្លូវរំដោះការកកស្ទះចរាចរណ៍នៅ ផ្សារពាណិជ្ជកម្មនិងការពិនិត្យមើលការសកម្មភាព ការស្ថាបនាចាក់ផ្លូវបេតុង ផ្លូវលេខ ២០០ នៅមុខការ៉ាសសាំង total ផ្លូវទៅផ្សារលើ។
គួរបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់ ០.០៧ ម៉ែត្រ បន្ថែមពីលើបេតុង ដែលបានចាក់រួចជា បន្តបន្ទាប់មានកម្រាស់០.២៥ម៉ែត្រ។ ជាជំហានដំបូងនេះក្រុមការងារនឹងធ្វើការអ៊ុតបេទីមលើផ្លូវធំៗជាមុន និងបន្តទៅផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។
នៅក្នុងដំណើរការនៃការចុះពិនិត្យមើលអំពីសកម្មភាពស្ថាបនានេះដែរ លោកអភិបាលខេត្តក៏បានណែនាំឲ្យក្រុមបច្ចេកទេស ធ្វើយ៉ាងណាធានាបាននូវ បរិមាណ គុណភាព តាមស្តង់ដារ និងមានសោភ័ណភាព ជាប់បានយូរអង្វែងសម្រាប់ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ មានភាពងាយស្រួល ។
ចំពោះការចាក់អ៊ុតបេទីមនេះ គឺ ក្រុមហ៊ុនប្រើពេលវេលា ៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ ២០២១ ខាងមុខនេះផងដែរ ៕