ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកការចូលមកបំពេញ ការងារជាបណ្ដោះអាសន្ន ចំពោះមន្រ្តីរាជការ ដែលបំរើការងារនៅក្នុង បរិវេណទីស្ដីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី៧ ខែធ្នូ

94

 

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបទបញ្ជា ស្ដីពី ការផ្អាកការចូលមកបំពេញការងារជាបណ្ដោះអាសន្ន ចំពោះ មន្រ្តីរាជការដែលបំរើការងារនៅក្នុងបរិវេណទីស្ដីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារដែលបំរើការងារក្នុងបរិវេណទីស្ដីការក្រសួង និងដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍។

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការពិគ្រោះពិភាក្សាជាមួយក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ក៏ដូចជាការឆ្លងរីករាលដាលនៅក្នុង សហគមន៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចចេញបទបញ្ជា ដូចខាងក្រោម ៖

១. ផ្អាកការចេញ-ចូលមកបំពេញការងារជាបណ្តោះអាសន្នក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចំពោះ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៅតាមអគ្គនាយកដ្ឋាន និងអង្គភាពនានា ដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ រហូតដល់មានការជូនដំណឹងជាថ្មី។

២. ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅតាម អគ្គ-នាយកដ្ឋាន ឬអង្គភាពនានា ដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ដែល មិនទាន់បានយកសំណាកដើម្បីធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ ត្រូវរួសរាន់មកយកសំណាក នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២០ នេះ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ។

៣.ក្នុងអំឡុងពេលនៃការផ្អាកចេញចូលមកបំពេញការងារជាបណ្ដោះអាសន្ននេះថ្នាក់ដឹកនាំ រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅតាមអគ្គនាយកដ្ឋាន ឬ អង្គភាពនានាដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង ត្រូវណែនាំដល់ក្រុមគ្រួសាររបស់ខ្លួន ឱ្យអនុវត្តវិធានការការពារជំងឺកូវីដ១៩ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការឆ្លងជំងឺនេះនៅក្នុងសហគមន៍។

៤. ដើម្បីធានានិរន្តរភាពការងាររបស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវបំពេញការងារពី ចម្ងាយតាមរយៈអនឡាញ។

អគ្គនាយកដ្ឋាន និងអង្គភាពនានា ដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវចាត់មន្ត្រី ដែលមិនប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” ពី ០៥ ទៅ ០៧នាក់ ឱ្យមកប្រចាំការនៅទីស្តីការក្រសួងមហាផ្ទៃ ហើយត្រូវរៀបចំបញ្ជីឈ្មោះមន្ត្រីប្រចាំការទាំងនោះ បញ្ជូនមកអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ។ មន្ត្រី ដែលត្រូវបានចាត់ឱ្យមកប្រចាំការទាំងនោះ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការការពារជំងឺកូវីដ ១៩។ ប្រគល់ភារកិច្ចជូន ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីដឹកនាំសម្របសម្រួលការងារមន្ត្រីប្រចាំការនេះ។

៥. អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវប្រមូលមកវិញនូវប័ណ្ណចេញ-ចូលទីស្តីការក្រសួងមហាផ្ទៃដែលបានផ្តល់ជូនយោងតាមសេចក្តីណែនាំលេខ ០៥៣ សណន ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ហើយត្រូវរៀបចំប័ណ្ណចេញ-ចូលថ្មី ដើម្បីផ្តល់ជូនចំពោះតែថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវបានចាត់ ឱ្យមកប្រចាំការនៅទីស្តីការក្រសួងមហាផ្ទៃ ដូចបានកំណត់ក្នុងចំណុចទី៤ ខាងលើ៕

អត្ថបទដែលជាប់ទាក់ទង