ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំនេះ ខេត្តព្រៃវែង ផលិតស្រូវបានច្រើនជាងគេ

47

 

ខេត្តព្រៃវែង៖ ខេត្តព្រៃវែង ជាខេត្តមួយផលិតស្រូវបានច្រើនជាងគេ ក្នុងចំណោម ២៥ រាជធានី/ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ ។ នេះបើតាមរបាយការណ៍របស់លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី៩ខែធ្នូឆ្នាំ២០២០។

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងថា
ដោយឡែកការងារដាំដុះស្រូវរដូវវស្សានៅក្នុងឆ្នាំ ២០២០ នេះ ខេត្តព្រៃវែងអនុវត្តបានលើផ្ទៃដីប្រមាណ ២៨០ ៣៩៩ ហិកតា។ រីឯការងារប្រមូលផលស្រូវវិញ គិតមកទល់ថ្ងៃទី៥ ខែធ្នូ ខេត្តសម្រេចប្រមូលផលបានចំនួន ២១៥ ៣៩៩ហិកតា ស្មើនឹង ៧៧% នៃផ្ទៃដីសរុប និងទទួលបានទិន្នផលជាមធ្យមប្រមាណ ៣.២៣ តោនក្នុងមួយហិកតា ហើយទទួលបានបរិមាណផលសរុបចំនួន ៦៩២ ៣០២ តោន។

ក្រៅពីដំណាំស្រូវ កសិ-ឧស្សាហកម្ម សាកវប្បកម្ម (ផលិតកម្មបន្លែ) ផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ (មាន់ គោ ជ្រូក) ក៏មានសក្តានុពលក្នុងការនាំចេញសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត ។ ទន្ទឹមនឹងជាខេត្តនាំមុខគេក្នុងការផលិតនូវផលិតផលកសិកម្ម ក៏ជាខេត្ត ឈានមុនសម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសជិតខាងតាមផ្លូវគោក និងផ្លូវទឹក។ យោងតាមរបាយ ការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីថ្ងៃទី៨ បានបង្ហាញថា គិតចាប់ តាំងពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បរិមាណផលស្រូវបាននាំចេញទៅកាន់ប្រទេសជិតខាងសរុបមានចំនួន ៧១៩ ៦៩៣តោន ដោយឡែក គ្រាន់តែមួយសប្តាហ៍កន្លងមក បរិមាណស្រូវចំនួន ៦៩ ៤៣៤តោនត្រូវបាននាំចេញពីខេត្តព្រៃវែងទៅកាន់ប្រទេសជិតខាង។

របាយការណ៍ក៏បានបញ្ជាក់ផងដែរថា ជាមធ្យមស្រូវមានតម្លៃ ១ ១៥០រៀលក្នុងមួយគីឡូក្រាម(អាចថ្លៃជាង ឬថោកជាងអាស្រ័យលើប្រភេទស្រូវ)៕

អត្ថបទដែលជាប់ទាក់ទង