ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ អញ្ជើញធ្វើជាប្រធានដឹកនាំ កិច្ចប្រជុំកំពូលACMECSលើកទី៩ តាមរយៈប្រព័ន្ធវីដេអូ

77

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACMECS)លើកទី០៩ ក្រោមមូលបទ ភាពជាដៃគូសម្រាប់តភ្ជាប់និងភាពរឹងមាំ តាមរយៈប្រព័ន្ធវីដេអូ ថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងចូលរួមផងដែរ ក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTV) លើកទី១១ ដែលនឹងរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំកំពូល ACMECS លើកទី៩ ហើយដែលកិច្ចប្រជុំកំពូលទាំងពីរនេះ នឹងត្រូវដឹកនាំដោយលោកបណ្ឌិត ថងលូន ស៊ីសុលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំ រួមមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។

ក្រោមមូលបទ «ភាពជាដៃគូដើម្បីការតភ្ជាប់ និងភាពរឹងមាំ» កិច្ចប្រជុំកំពូល ACMECS លើកទី៩ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការកន្លងមក និងនាពេលអនាគត ជាពិសេសលើវិធី និងមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ACMECS លើគ្រប់វិស័យដែលនឹងដើរតួនាទីជាក្របខណ្ឌសាមគ្គីភាពដ៏សំខាន់ សម្រាប់ថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងជំរុញការអភិវឌ្ឍរួមគ្នាក្រោយវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ នឹងមានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល ACMECS ពីប្រទេសកម្ពុជា ដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំកំពូល CLMV លើកទី១០ ធ្វើឡើងក្រោមមូលបទ «ការលើកកម្ពស់ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពសម្រាប់សមាហរណកម្មតំបន់» នឹងពិនិត្យមើលឡើងវិញនូវសមិទ្ធផលនានា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងកំណត់ទិសដៅនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការ CLMV ដោយពិចារណាទៅលើវិបត្តិសុខភាពពិភពលោក ដែលបង្កឡើងដោយជំងឺរាតត្បាតសកលកូវីដ-១៩ និងផែនការស្តារប្រទេសខ្លួនឡើងវិញក្រោយវិបត្តិនៃជំងឺនេះ។ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលនេះនៅពេលបន្ទាប់។

កិច្ចប្រជុំកំពូល CLV DTV លើកទី១១ នឹងពិនិត្យឡើងវិញ ពីវឌ្ឍនភាពដែលសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ព្រមទាំងពិភាក្សាអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសង្គម រវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម ជាពិសេស លើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន វប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល និងឧក្រិដ្ឋកម្មឆ្លងដែន៕

អត្ថបទដែលជាប់ទាក់ទង