សមត្ថកិច្ចនគរបាលចាប់ខ្លួនបុរសជនជាតិថៃម្នាក់ រឹបអូសគ្រឿងញៀន ៥០ គីឡូក្រាម
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា ចាប់ខ្លួនបុរសជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀន ៥០ គីឡូក្រាម។
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២និង៤០នាទីជិតភ្លឺ កម្លាំងជំនាញ (ក៩)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និង លោកវរសេនីយ៍ឯក ដុស សុវឌ្ឍនៈ នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ពីលោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា នៅចំណុចក្បែរ វិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជាលទ្ធផល ចាប់ខ្លួនជនសង្ស័យ ១នាក់ឈ្មោះ សុរៈឆៃ ខាំកែវ (SURACHAI KHAMKAEW) ហៅ នឹង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិថៃ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ លេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២ ។ វត្ថុតាងចាប់យកបាន សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីនICE ៥០កញ្ចប់ធំ ទម្ងន់ប្រមាណ ៥០គីឡូក្រាម និង៨០,២៤ ក្រាម។ រថយន្តធុន LEXUS៤៧០ ពណ៌ទឹកមាស ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2M-7875។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕