កម្ពុជា ចូលរួមចំណែកតិចតួចក្នុងការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់សកលក្តី កម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោះស្រាយនូវបញ្ហាការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា ក្នុង “ កិច្ចប្រជុំកំពូលស្ដីពី ការប្ដេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ “ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងទាំងអស់គ្នាបានឯកភាពថា ការប្រែប្រួលអាកាសធាតុ គឺជាការពិត ។ ប្រទេសជាច្រើនបានទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់ រួមទាំងកម្ពុជា ដែលទើបតែរងនូវផលប៉ះពាល់ ដោយទឹកជំនន់នាពេលថ្មីៗនេះ ។ ទោះបីជាប្រទេសកម្ពុជា ចូលរួមចំណែកតិចតួចក្នុងការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់សកលក្តី កម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ អាស្រ័យតាមធនធាន និងសមត្ថភាព ចូលរួមដោះស្រាយនូវបញ្ហានេះ។ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព ស្តីពីការចូលរួមចំណែក របស់ជាតិដើម្បីដោះស្រាយ ការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាត្រៀមដាក់ជូនទៅលេខាធិ ការដ្ឋានអនុសញ្ញាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នាដំណាច់ឆ្នាំនេះ កម្ពុជាបានបញ្ចូលនូវគោលដៅថ្មីច្បាស់លាស់ ពាក់ព័ន្ធនឹងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន ប្រមាណ ៣៨,៩ លានតោនសមមូលឧស្ម័នកាបូនិក រួមបញ្ចូលទាំងក្នុងវិស័យព្រៃឈើ , វិស័យ សំណល់ និងកសិកម្ម ឬ ស្មើនឹង ១៨ភាគរយ ធៀបនឹងសេណារីយ៉ូតាមទម្លាប់ធម្មតា (Business As Usual) នៅត្រឹមឆ្នាំ ២០៣០ ។ គោលដៅថ្មីនេះ ក៏រួមបញ្ចូលការផលិតអគ្គិសនី ពីថាមពលក កើតឡើងវិញចំនួន ២៥ ភាគរយ នៅក្នុងល្បាយថាមពល (Energy Mix) នៅឆ្នាំ២០៣០ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា ទន្ទឹមនេះដែរ ការប្រែប្រួលអាកាសធាតុ ជាបាតុភូតប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយ តាមមធ្យោបាយជាកញ្ចប់គ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពសង្គម , សេដ្ឋកិច្ច និងបរិស្ថាន ។ ជាការពិត ការដោះស្រាយបញ្ហា ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព នឹង ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ននាពេលអនាគត។ ក្នុងន័យនេះ កាប្រែប្រួលអាកាសធាតុ ជាបញ្ហារបស់យើងទាំងអស់គ្នា ប្រទេស ទាំងអស់ត្រូវតែស្រុះដៃគ្នា និងអនុវត្តនូវកាតព្វកិច្ចរបស់ប្រទេសនីមួយៗ ដូចដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រ , យន្តការនានា និងកិច្ចព្រមព្រៀងកន្លងមក។ ក្នុងស្មារតីជាប្រទេស ដែលមានការទទួលខុសត្រូវខ្ពស់ និងកាត់បន្ថយនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាអតិបរិមា កម្ពុជាបានប្តេជ្ញារៀបចំយុទ្ធសាស្ត្រ រយៈពេលវែង ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន (Carbon Neutrality) ដែលការរៀបចំនេះនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២១ ។ ដើម្បីឱ្យការអនុវត្ត នូវយុទ្ធសាស្ត្ររយៈពេលវែងនេះ ទទួលបានជោគជ័យ កម្ពុជាសូមអំពាវនាវប្រទេសអភិវឌ្ឍន៍ទាំង អស់បំពេញឱ្យបានពេញលេញនូវកាតព្វកិច្ច ដែលបានសន្យា ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា៕