សកម្មភាពឆបោកប្រាក់ របស់ឧក្រិដ្ឋជនបច្ចេកវិទ្យា
ភ្នំពេញ៖នាយកដ្ឋានព័ត៌មានវិទ្យា៖ នាពេលថ្មីៗនេះ សកម្មភាពឆបោកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសលេីបណ្តាញ ទំនាក់ទំនងសង្គម ជាច្រើនករណី បន្តកើតមានឡើង ក្នុងព្រះរាជាណាចក្រកម្ពុជា។ អំពើឆបោកប្រាក់ប្រើប្រាស់ មធ្យោបាយបច្ចេកវិទ្យា (Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថា នឹងឲ្យរបស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់មួយចំនួន ដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែពុំមានរបស់ ឬប្រាក់បានប្រគល់ជូន ជនរងគ្រោះដូចការសន្យានោះឡើយ។
ដើម្បីសម្រេចគម្រោងឆបោក ដំបូងឧក្រិដ្ឋជនបានស្វែង រកលេខទូរស័ព្ទ ឬអុីម៉ែលរបស់ជនរងគ្រោះលើ បណ្តាញទំនាក់ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។ បន្ទាប់មកឧក្រិដ្ឋជនធ្វើការទាក់ទងទៅ កាន់ជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេសឆបោក មួយចំនួនដូចខាងក្រោម (មានច្រើនជាងនេះ)៖
១- ប្រាប់ជនរងគ្រោះថា ទទួលបានកេរ្តិ៍មរតក ពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវប្រាក់កក់ ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។
២- ប្រាប់ជនរងគ្រោះថា ឈ្នះរង្វាន់ធំពី កម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់ រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។
៣- ប្រាប់ជនរងគ្រោះថាខ្លួនមានឧបករណ៍ និងក្រដាស់បោះពុម្ពប្រាក់ និងតម្រូវប្រាក់កក់ ដើម្បីបញ្ជូនឧបករណ៍ទាំងនោះទៅឲ្យជនរងគ្រោះ។
៤- ប្រាប់ជនរងគ្រោះថា ឈ្នះរង្វាន់ទទួលបាន សិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវប្រាក់កក់ ដើម្បីរត់ការឯកសារ។
៥- ប្រាប់ជនរងគ្រោះថាទទួលបានការងារ ក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។
៦- ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញ ដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះ ទូទាត់ប្រាក់មុនបញ្ជូនទំនិញ។
៧- ប្រាប់ជនរងគ្រោះថាពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយ ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់ ជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះ។
៨- ប្រាប់ជនរងគ្រោះថា នឹងទទួលបានប្រាក់ចំនេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុនជាមួយខ្លួន។
៩- បន្លំគណនីជាបុរស ឬនារីស្អាតៗ ប្រេីប្រាស់មនោសច្ចេតនា ឆបោកប្រាក់ពីជនរងគ្រោះ (Romantic Scam)។
រាល់ឧបាយកលដូចរៀបរាប់ខាងលើ បន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះ ឧក្រិដ្ឋជនពុំបានធ្វើតាមការសន្យា ផ្ទុយទៅវិញពួកគេព្យាយាមប្រើប្រាស់ ហេតុផលផ្សេងៗ ដើម្បីទទួលបានប្រាក់ ជាបន្តបន្ទាប់ពីជនរងគ្រោះ។
នាយកដ្ឋានព័ត៌មានវិទ្យាសូមក្រេីនរំលឹក បងប្អូនមេត្តាពិចារណា កុំឲ្យក្លាយខ្លួនជាជនរងគ្រោះ នៃបទល្មើសខាងលើ៕