ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ពិនិត្យការអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ និង​ស្ដារ កែលម្អ​ដងស្ទឹង​សៀមរាប

195

សៀមរាប​៖ នៅ​ថ្ងៃអាទិត្យ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ ការអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ និង​ស្ដារ កែលម្អ​ដងស្ទឹង​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់ មន្ត្រីជាន់ខ្ពស់ មន្ត្រី​បច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​កម្ម និង​សំណង់ កងវិស្វកម្ម​ក្រសួងការពារជាតិ និង​អង្គភាព​អនុវត្ត​ការសាងសង់​ផ្លូវ​ទាំង ៣៨​ខ្សែ ផងដែរ​។​

​កិច្ចប្រជុំ​នេះ​មាន​គោលបំណង ដើម្បីឱ្យ​ក្រុមការងារ​ស្ថាបនា​ផ្លូវ និង​ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស មាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អប្រសើរ មាន​របៀបរបប​ការងារ​តែមួយ មាន​ស្តង់ដា​បច្ចេកទេស និង​សម្ភារ​បរិក្ខារ​បច្ចេកទេស​រួមគ្នា សំដៅ​សម្រេច​ការងារ​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នាឱកាស​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ ដើម្បី​ធានា​គុណភាព នៃ​ការសាងសង់​ផ្លូវ​ទាំង​៣៨ ខ្សែ​នេះ ឱ្យស្រប​នឹង​បទដ្ឋាន និង​លក្ខណៈ​បច្ចេកទេស​តាម​ប្រភេទ​ខ្សែ​ផ្លូវ​នីមួយៗ ព្រមទាំង​បញ្ចប់​គម្រោង​តាម​ការគ្រោងទុក ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការគ្នា​ឱ្យបាន​ជិតស្និទ្ធ មាន​ជំហរ​រឹងមាំ និង​មាន​ទិសដៅ​តែមួយ ពោលគឺ​៖ សាងសង់​ផ្លូវ​ឱ្យមាន​ប្រសិទ្ធភាព និង​គុណភាព​រឹងមាំ និង​បញ្ចប់​គម្រោង​តាម​ផែនការ ដោយ​គណៈកម្មការ​អន្តរក្រសួង បានសម្រេច​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ និង​វាយតម្លៃ​ការងារ​របស់​អ្នកអនុវត្ត​ការសាងសង់ ដោយ​ចុះ​ពិនិត្យ​ផ្ទាល់​ជា​ទៀងទាត់ ធានា​គ្រប់​ដំណាក់កាល​នៃ​ការសាងសង់ គឺ​អនុលោម​តាម​គោលការណ៍ និង​ស្តង់ដា​លក្ខណៈ​បច្ចេកទេស ដែល​បានកំណត់ និង​ត្រូវ​ធ្វើការ​ជាប្រចាំ​រៀងរាល់​២​សប្តាហ៍​ម្តង ជូន​ក្រុមការងារ​ត្រួតពិនិត្យ និង​វាយតម្លៃ និង​គណៈកម្មការ​អន្តរក្រសួង​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​អង្គភាព​ទទួល​ការងារ​អនុវត្ត​គម្រោង និង​ក្រុមការងារ​បច្ចេកទេស​ទាំង​អស់ ត្រូវ​ប្រកាន់​គោលជំហរ​និង​ការប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ធ្វើការ​សហការ​ឱ្យបាន​ស្អិតល្មួត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ លើ​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ និង​ការងារ​រៀបចំ​សាងសង់​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ដោយ​គោរព​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស និង​សៀវភៅ​បន្ទុក​ឱ្យបាន​ត្រឹមត្រូវ ពិសេស​ត្រូវមាន​កម្មក​រ គ្រឿងចក្រ និង​ឧបករណ៍​សាងសង់​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​សម្រេច​ការងារ​នេះ ឱ្យបាន​ឆាប់រហ័ស​តាម​ការគ្រោងទុក​។

​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ស្ថាបនា​សាងសង់​ផ្លូវ ត្រូវដាក់​ប៉ាណូ បញ្ជាក់​ពី​ម្ចាស់​គម្រោង និង​អ្នក​សាងសង់​តាម​ស្តង់ដារ ដើម្បីឱ្យ​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​បានដឹង និង​ត្រូវ​រក្សា​ឱ្យបាន​នូវ​សណ្តាប់ធ្នាប់ បញ្ចៀស និង​សម្រួល​ចរាចរណ៍​ឱ្យបាន​ល្អ ជាពិសេស​ពេល​ចុះ​ត្រួតពិនិត្យ និង​សាងសង់​ត្រូវ​ពាក់​ឯកសណ្ឋាន និង​ប្រើប្រាស់​សម្ភារ​បច្ចេកទេស​សុវត្ថិភាព​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​សូម​ជម្រាបជូន​ថា នៅក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​ទាំង ៣៨​ខ្សែ​នេះ មាន​អង្គភាព​សាងសង់​ចំនួន​៨ រួមមាន​៖ ១) កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់​នៃ​នាយកដ្ឋាន​វិស្វកម្ម ២) កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប ៣) កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន​សាធារណការ ៥) អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៦) នាយកដ្ឋាន​គ្រឿងចក្រ​និង​ស្ថាបនា​ផ្លូវ ៧) នាយកដ្ឋាន​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង ៨) មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប​។​

​រីឯ ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ទទួល​ប​ន្ទុ​ការត្រួតពិនិត្យ ទាំងអស់​មាន​ចំនួន ៩​ក្រុម រួមមាន​៖ ១) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​១៣​ខ្សែ អនុវត្ត​ដោយ​កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់ ២)​ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៨​ខ្សែ អនុវត្ត​ដោយ​កងវិស្វកម្ម​តេ​ជោ​ហ៊ុន សែន ខេត្តសៀមរាប ៣) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៦​ខ្សែ អនុវត្ត​ដោយ​កងវិស្វកម្ម​សម្ដេច​តេ​ជោ ខេត្តសៀមរាប ៤) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៥​ខ្សែ អនុវត្ត​ដោយ​នាយកដ្ឋាន​ជួសជុល​និង​ថែទាំ​ផ្លូវថ្នល់ ៥) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន គម្រោង​សាងសង់​ផ្លូវ​ចំនួន​៥​ខ្សែ អនុវត្ត​ដោយ​នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ ៦)​ក្រុមការងារ​ត្រួតពិនិត្យ តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​២​ខ្សែ អនុវត្ត​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ៧) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​ស្ថាបនា​បណ្ដាញ​លូទឹក​ភ្លៀង និង​លូទឹកកខ្វក់​មិន​ស្ថិតនៅក្រោម​ខ្សែ​ផ្លូវ​ទាំង​៣៨​ខ្សែ អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៨)​ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​ស្ថាបនា​បំពាក់​សម្ភារ​កាមេរ៉ា​សុវត្ថិភាព អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ បរិក្ខារ​ភ្លើង​សញ្ញា​ចរាចរណ៍ និង​ការដាំ​ដើមឈើ អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​សាធារណការ និង​៩)​ក្រុមការងារ​សិក្សា​នគរូបនីយកម្ម​ផ្លូវ គូរ​ប្លង់ ស្ថាបត្យកម្ម​ផ្លូវ លម្ហ​សាធារណៈ និង​រចនា​កម្មវត្ថុ​ស្ថាបត្យកម្ម​នានា​ដែល​ទាក់ទង​នឹង​គម្រោង​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា​៖ ក្រៅពី​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ​ហើយ​នោះ ក៏​នៅមាន​ការស្ដារ កែលម្អ​ធ្វើឱ្យ​ប្រសើរឡើង​ដងស្ទឹង​សៀមរាប​ប្រវែង​ជាង ៨​គីឡូម៉ែត្រ អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​លើកកម្ពស់​សោភ័ណភាព​បន្ថែមទៀត ឱ្យ​ស័ក្តិ​សមជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ដ្រ និង​ធម្មជាតិ ក៏ដូចជា​ដើម្បី​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ នៅក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់​ផងដែរ​។​

​សូមបញ្ជាក់​ជូន​ថា​៖ គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ទីក្រុង​សៀមរាប ខេត្តសៀមរាប​ចំនួន ៣៨​ខ្សែ​នេះ មាន​ប្រវែង​១០៨,៧៤ គីឡូម៉ែត្រ គ្រោង​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤០​លាន​ដុល្លារ​អាមេរិក និង​ថវិកា​ប្រមាណ​ជាង ៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់ ក្នុង​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ១៣​ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ។​

​រចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ ត្រូវបាន​បែងចែក​ជា​បួន ប្រភេទ​រួមមាន​៖ ប្រភេទ​ទី​១ ជា​ផ្លូវ​ស្ថិតក្នុង​តំបន់​ភ្ញៀវទេសចរ ធ្វើដំណើរ​ច្រើន និង​មាន​កម្រាល​ផ្លូវ​ល្អ ត្រូវ​ជួសជុល​ដោយ​អ៊ុត​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់​៥​សង់ទីម៉ែត្រ​ឡើងវិញ ប្រភេទ​ទី​២ ជា​ផ្លូវ​ស្ថិតក្នុង​តំបន់​ភ្ញៀវទេសចរ ធ្វើដំណើរ​ច្រើន និង​មាន​កម្រាល​ផ្លូវ​មិនល្អ ត្រូវ​សាងសង់​ថ្មី ដោយ​ចាក់​ក្រាល​បេតុង​សរសៃដែក​កម្រាស់​២០​សង់ទីម៉ែត្រ រួច​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់​៧​សង់ទីម៉ែត្រ​ពីលើ ប្រភេទ​ទី​៣ ជា​ផ្លូវ​មិន​ស្ថិតនៅ​តំបន់​មាន​ភ្ញៀវទេសចរ​ធ្វើដំណើរ​ច្រើន នឹងត្រូវ​សាងសង់​ថ្មី ដោយ​ចាក់​ក្រាល​បេតុង​សរសៃដែក​កម្រាស់​២០​សង់ទីម៉ែត្រ ប្រភេទ​ទី​៤ ជា​ផ្លូវ​វាង​ក្រុង ដោយ​កំណាត់​ផ្លូវ​ដែលមាន​តួ​ផ្លូវ​នៅ​ល្អ នឹងត្រូវ​ជួសជុល​អ៊ុត​ក្រាល​បេតុង​កៅស៊ូ AC ឡើងវិញ ចំណែក​កំណាត់​ផ្លូវ​ដែលមាន​តួ​ផ្លូវ​មិនល្អ នឹងត្រូវ​សាងសង់​ថ្មី ដោយ​ចាក់​ក្រាល​បេតុង​សរសៃដែក កម្រាស់​២៥​សង់ទីម៉ែត្រ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ចូល​អុច​ធូប​នៅ​ទី​សក្ការបូជា​តា​ពិ​ច តា​រាជ និង​ព្រះអង្គ​ប្រក់​នាគ ឋិត​ក្នុង​ទឹកដី​ខេត្តសៀមរាប ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​កើតមាន​ដល់ ក្រុមគ្រួសារ​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ​ក្រសួង ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទូទាំងប្រទេស​ឱ្យ​ចៀសផុត ពី​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​មួយ​នេះ នៅក្នុង​មូលដ្ឋាន ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង