នគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សា ចងទាំងដៃទាំងជើង ថែមទាំងយកស្កុត មកបិទមាត់ក្មេងស្រីអាយុ៥ឆ្នាំ នៅខណ្ឌពោធិ៍សែន
ភ្នំពេញ ៖នគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងបានឲ្យដឹងថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ម៉ោងប្រហែលជា ២២៖៣០នាទី មានករណីហិង្សា (យកខ្សែចំណងចងដៃចង) ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ដោយមនុស្សស្រីជំទង់ៗ៣នាក់ បានយកខ្សែជ័រចងដៃចងជើង និងយកស្កុតបិទមាត់ ក្មេងស្រីអាយុ៥ឆ្នាំ នៅចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ច. រ . ឆ ភេទស្រី អាយុ ៥ឆ្នាំ ។ រីឯជនសង្ស័យ៣នាក់ ទី១-ឈ្មោះ ម៉ាក់ គីមហុង ភេទស្រី អាយុ ១៨ឆ្នាំ, ទី២-ឈ្មោះ ដួង ទីណូ ភេទស្រី អាយុ ១៤ឆ្នាំ និងទី៣-ឈ្មោះ ទេស ម៉ាណា ភេទស្រី អាយុ ១៤ឆ្នាំ។
លោកស្រី អ៊ន ស៊ីណាត ជាម្តាយក្មេងស្រីរងគ្រោះបាននិយាយប្រាប់បណ្ដាញព័ត៌មាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះថា ពេលនេះ លោកស្រីបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ ហើយសង្ឃឹមថា សមត្ថកិច្ច និង តុលាការ នឹងរកយុត្តិធម៌ជូនលោកស្រី ។
លោកស្រីបន្តថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២និង៣០នាទី កូនស្រីដែលទើបមានអាយុ៥ឆ្នាំ បានលេងនៅមុខផ្ទះ ហើយបានឃើញក្មេងស្រី២នាក់ អាយុ១៤ឆ្នាំ និងម្នាក់ទៀតអាយុ១៨ឆ្នាំ បានចងខ្សែជ័រចងដៃចងជើង និង យកស្កុតបិទមាត់ និងឲ្យហិតធុងសំរាម រួចស្តោះទឹកមាត់ ព្រមទាំងគំរាមមិនឲ្យប្រាប់អ្នកណានោះទេ ។
សមត្ថកិច្ច អះអាងថា មនុស្សស្រីវ័យជំទង់ៗទាំង៣នាក់នេះ គឺមានមុខរបរជាងអ៊ុតសក់ ស្នាក់នៅក្នុងភូមិកើតហេតុ ដែលមានផ្ទះទល់មុខគ្នាជាមួយជនរងគ្រោះ។
ករណីនេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង បានទទួលពាក្យបណ្តឹងរួចហើយ និងបានបញ្ជូនសំណុំរឿងនេះ ទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕