ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣នាក់ ម្នាក់ជាកូនអាយុ១ឆ្នាំ ដែលសម្រាកជាមួយម្តាយវិជ្ជមានកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី និង២នាក់ទៀតជាករណីនាំចូល និង៣នាក់ជាសះស្បើយ

40

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣នាក់ថែមទៀត ដោយក្នុងនោះមានម្នាក់ជាកុមារា អាយុ១ឆ្នាំត្រូវជាកូនប្រុសរបស់អ្នកជំងឺម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី និង ២នាក់ទៀតគឺជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និងមនុស្សចំនួន ៣នាក់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»បានព្យាបាលជាសះស្បើយ ផងដែរ។

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលក៏បានប្រកាសថាអ្នកទាំង៣នាក់ដែលវិជ្ជមានកូវីដ១៩ រួមមាន៖

១)កុមារាជនជាតិខ្មែរ អាយុ១ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គាត់ជាកូនប្រស់របស់ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

២)ស្ត្រីជនជាតិខ្មែរ អាយុ៦៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។

សូមគត់សម្គាល់ថាអ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបចំនួន ១០៥នាក់ ដែលនៅក្នុងនេះ មានស្ត្រីខាងលើផងដែរ។ រីឯអ្នកដំណើរចំនួន១០៤នាក់ ដែលមានលទ្ធផលអវិជ្ជមាន ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួន និងស្ថានទូតអាមេរិកម្នាក់។

៣)ស្ត្រីជនជាតិជប៉ុន អាយុ៣៤ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើមានចំនួន ៦៥នាក់ ដែលក្នុងនោះមានស្ត្រីខាងលើនេះផងដែរ។ រីឯអ្នកជំងឺ៦៤នាក់ផ្សងទៀត ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញ។

ចំពោះករណីជាសះស្បើយចំនួន៣នាក់ ដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រួមមាន៖

១)បុរសជនជាតិខ្មែរ អាយុ៥៧ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត រាជធានីភ្នំពេញ ជាអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ ដោយទទួលបានលទ្ធផលវិជ្ជមានចំនួន ៣ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត។

២)ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិកគ្រួសាររបស់អ្នកបើកបរឲ្យលោកអគ្គនាយកពន្ធនាគារ។

៣) បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើការនៅក្រសួងមហាផ្ទៃ ដែលជាអ្នកប៉ះពាល់ជាមួយអគ្គនាយកពន្ធនាគារ។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧និង០០ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣៦២នាក់ (ស្ត្រី ៨៦នាក់ និងបុរស ២៧៦នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣១២នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរចំនួន ៥០នាក់។

សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤១នាក់ (ស្រី ១៥នាក់ និងប្រុស ២២នាក់) ។

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខា ភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោហ៊ុន សែន អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌល គ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង