ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតផ្តួចផ្តើម ៩ពាន់លាន ដុល្លារអាមេរិក របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជួយប្រទេសសមាជិក អាចទទួល និងចែកចាយវ៉ាក់សំាង កូវីដ១៩

113

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាប់ប្រតិបត្តិគំនិតផ្តួចផ្តើម គាំទ្រវ៉ាក់សាំងចំនួន ៩ពាន់លានដុល្លារ ដែលជាអន្តរាគមន៍ គាំទ្រការទទួលបានវ៉ាក់សាំងនៅអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Vaccine Access Facility ឬ ហៅកាត់ថា APVAX) ដោយ ផ្តល់ការគាំទ្រយ៉ាងឆាប់រហ័ស និងប្រកបដោយសមធម៌ ដល់សមាជិកជាប្រទេសកំពុងអភិវឌ្ឍ របស់ខ្លួន (ដែលរួមមានប្រទេសកម្ពុជាផងដែរ) ខណៈដែលពួកគេ កំពុងចាប់ផ្តើមទិញ និង ដឹកជញ្ជូនវ៉ាក់សាំង កូវីដ១៩ ដែលមានប្រសិទ្ធភាពនិសុវត្ថិភាព។

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa មានប្រសាសន៍ថា៖ “នៅពេលសមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍របស់ ADB ត្រៀមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ប្រទេសទាំងនោះត្រូវការហិរញ្ញប្បទាន ដើម្បីទទួលបានវ៉ាក់សាំង ក៏ដូចជា ផែនការ និងចំណេះដឹងសមស្រប ដើម្បីអាចគ្រប់គ្រងដំណើរការចាក់វ៉ាក់សាំង ដោយសុវត្ថិភាព” ។ APVAX នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសមាជិកជាប្រទេសកំពុងអភិវឌ្ឍរបស់យើងដើម្បីដោះស្រាយ បញ្ហាទាំងនេះ ជំនះការរាតត្បាត និងផ្តោតលើការងើបឡើងវិញនៃសេដ្ឋកិច្ច។”

ករណីវិជ្ជមានជាង ១៤,៣លាន ត្រូវបានរកឃើញនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលបណ្តាល ឱ្យមានមនុស្សស្លាប់ជាង ២០០,០០០នាក់។ នៅពេលដែលជំងឺរាតត្បាតនៅតែបន្ត កំណើនសេដ្ឋកិច្ច ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ត្រូវបានព្យាករថានឹងធ្លាក់ចុះ ០,៤% នៅឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះ ផលិតផលក្នុងស្រុកសរុបលើកដំបូងនៅក្នុងតំបន់ ចាប់តាំងពីដើមទសវត្ស ១៩៦០ មក ។

ការលើកកម្ពស់ការទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព សមភាព និងមានប្រសិទ្ធិភាពគឺជាអាទិភាពកំពូល សម្រាប់កិច្ចប្រឹងប្រែងឆ្លើយតបជំងឺរាតត្បាតកូវីដ១៩ របស់ធនាគារអភិវឌ្ឍន៍អាស៊ី។ កម្មវិធីចាក់ថ្នាំវ៉ាក់សាំង អាចផ្តាច់ដំណើរការចម្លងមេរោគនេះ ជួយសង្គ្រោះអាយុជីវិត និងកាត់បន្ថយផល ប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាតនេះ តាមរយៈ ការស្តារទំនុកចិត្តក្នុងការធ្វើការ ការធ្វើដំណើរ និងទំនាក់ទំនងសង្គមដោយសុវត្ថិភាព។

APVAX ផ្តល់នូវក្របខ័ណ្ឌនិងធនធានគ្រប់ជ្រុងជ្រោយ សម្រាប់គាំទ្រដល់ការអភិវឌ្ឍ ការទទួល បានថ្នាំវ៉ាក់សាំងនៅអាស៊ីដោយប្រើសមាសធាតុផ្សំពីរ។ ធាតុផ្សំផ្នែកឆ្លើយតបរហ័ស នឹងផ្តល់ការគាំទ្រទាន់ ពេលវេលា សម្រាប់ការធ្វើរោគវិនិច្ឆ័យវ៉ាក់សាំងសំខាន់ៗ លទ្ធកម្មវ៉ាក់សាំង និង ការដឹកជញ្ជូន វ៉ាក់សាំង ពីកន្លែងលក់ ទៅសមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍របស់ ADB ។

ធាតុផ្សំផ្នែកវិនិយោគគម្រោង នឹងគាំទ្រដល់ការវិនិយោគ នៅក្នុងប្រព័ន្ធសម្រាប់ការចែកចាយ ដឹកជញ្ជូន និងគ្រប់គ្រងវ៉ាក់សាំងដោយជោគជ័យ រួមជាមួយនឹងការវិនិយោគពាក់ព័ន្ធ ក្នុងការកសាង សមត្ថភាព ការផ្សព្វផ្សាយតាមសហគមន៍ និងការឃ្លាំមើល។ នេះអាចរួមបញ្ចូលផ្នែកនានា ដូចជា សង្វាក់នៃការផ្ទុក និងការដឹកជញ្ជូនក្នុងលក្ខខណ្ឌត្រជាក់ យានយន្ត ហេដ្ឋារចនាសម្ព័ន្ធចែកចាយ កន្លែងកែច្នៃ និងការវិនិយោគលើរូបវន្តផ្សេងទៀត។ ធាតុផ្សំនេះក៏អាចត្រូវបានប្រើដើម្បីអភិវឌ្ឍ ឬពង្រីក សមត្ថភាពផលិតវ៉ាក់សាំងដោយសមាជិកជាប្រទេសកំពុងអភិវឌ្ឍផងដែរ។

ការផ្តល់ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់វ៉ាក់សាំងនេះ នឹងត្រូវបានផ្តល់ជូន ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត រួមមាន ក្រុមធនាគារ ពិភពលោក អង្គការសុខភាពពិភពលោក(WHO) កម្មវិធីសម្របសម្រួលការទទួលបានជាសកលនូវ វ៉ាក់សាំងកូវីដ១៩ (COVID-19 Vaccines Global Access Facility ឬហៅកាត់ថា COVAX) GAVI ក៏ដូចជា ដៃគូទ្វេភាគី និងពហុភាគីដទៃទៀត។

APVAX លើកកម្ពស់វ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ហើយដែលនឹងត្រូវទទួលបានដោយស្មើភាព។ សម្រាប់វ៉ាក់សាំង ដើម្បីទទួលបានហិរញ្ញប្បទាន ត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យមួយ ក្នុងចំណោមបី។ វាត្រូវតែធ្វើលទ្ធកម្មតាមរយៈ COVAX ដែលត្រូវបានរៀបចំឡើងដោយអង្គការ សុខភាព ពិភពលោក (WHO) ឬត្រូវបានផ្តល់សិទ្ធិដោយអាជ្ញាធរបញ្ញត្តិករតឹងរ៉ឹង (Stringent Regulatory Authority) មួយ។ លក្ខណៈវិនិច្ឆ័យបន្ថែមរួមមាន ការវាយតំលៃតម្រូវការវ៉ាក់សាំង ផែនការបែងចែក វ៉ាក់សាំងដោយសមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍន៍ និងយន្តការសម្រាប់ការសម្របសម្រួល ប្រកប ដោយប្រសិទ្ធភាពក្នុងចំណោមដៃគូអភិវឌ្ឍន៍ ក៏ជួយធានាថាការគាំទ្រវ៉ាក់សាំងក្រោម APVAX អាចត្រូវ បានអនុវត្តដោយស្មើភាពនិងមានប្រសិទ្ធភាព។

ធនាគារអភិវឌ្ឍន៍អាស៊ីក៏កំពុងផ្តល់ជូននូវមធ្យោបាយ នាំចូលវ៉ាក់សាំងដែលមានតម្លៃ ៥០០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់សមាជិកជាប្រទេសកំពុងអភិវឌ្ឍរបស់ខ្លួន ដើម្បី ទទួលបានវ៉ាក់សាំង ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព ក៏ដូចជាបរិក្ខារដែលគាំទ្រដល់ការចែកចាយ និងការចាក់ថ្នាំវ៉ាក់សាំង។ មធ្យោបាយនេះគឺជាផ្នែកមួយនៃកម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្ម និងសង្វាក់ ផ្គត់ផ្គង់ របស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ការធានាខ្ពស់ ដែលកើតមានតាមរយៈយន្តការនាំចូលវ៉ាក់សាំង នៃកម្មវិធីនេះ នឹងកាត់បន្ថយហានិភ័យនៃការទូទាត់ និងជួយសម្រួលដល់ការនាំចូលទំនិញទាំងនោះ។ សកម្មភាពនេះ នឹងប្រើលក្ខណៈវិនិច្ឆ័យដើម្បីទទួលសិទ្ធិវ៉ាក់សាំងដូចគ្នានឹង COVAX។ សហហិរញ្ញប្បទាន ជាមួយដៃគូក្នុងវិស័យឯកជន អាចបណ្តាលឱ្យយន្តការនាំចូល មានការគាំទ្រសម្រាប់វ៉ាក់សាំង និងការ នាំចូលដែលពាក់ព័ន្ធផ្សេងៗ ១ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំ។

កាលពីខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ីបានយល់ព្រមលើកញ្ចប់ថវិកាចំនួន ២០ ពាន់លានដុល្លារ ដើម្បី គាំទ្រដល់សមាជិកជាប្រទេសកំពុងអភិវឌ្ឍរបស់ខ្លួន ក្នុងការដោះស្រាយផលប៉ះពាល់នៃជំងឺរាត ត្បាតនិងបានសម្រួលនីតិវិធីមួយចំនួន ដើម្បីផ្តល់ជំនួយលឿននិងរហ័ស។ ធនាគារអភិវឌ្ឍន៍អាស៊ីបាន សន្យាផ្តល់ប្រាក់កម្ចី ជំនួយ និងជំនួយបច្ចេកទេស ចំនួន ១៤,៩ ពាន់លានដុល្លារក្នុងនោះមាន ៩,៩ ពាន់លានដុល្លារ ជាការគាំទ្រសម្រាប់ថវិកាចំណាយរហ័ស ពីជម្រើសនៃការឆ្លើយតបនឹងការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩ (COVID-19 Pandemic Response Option ឬហៅកាត់ថា CPRO) និងការ គាំទ្រវិស័យឯកជន។

នៅក្នុងខែវិច្ឆិកា ធនាគារអភិវឌ្ឍន៍អាស៊ីបានប្រកាសផ្តល់ជំនួយបច្ចេកទេសបន្ថែមចំនួន ២០,៣ លានដុល្លារ ដើម្បីបង្កើតប្រព័ន្ធនានា ដើម្បីជួយដល់ការចែកចាយវ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាព និង សមធម៌នៅទូទាំងអាស៊ីនិងប៉ាស៊ីហ្វិក។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់នេះ៕

អត្ថបទដែលជាប់ទាក់ទង