រថយន្តដឹកប្រេងសាំង L.H.R បុកម៉ូតូ ស្លាប់បុរសម្នាក់
ត្បូងឃ្មុំ ៖ បុរសម្នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរ រវាងរថយន្តដឹងប្រេងសាំងរបស់ក្រុមហ៊ុន L.H.R បុកគ្នាជាមួយនឹងម៉ូតូមួយគ្រឿងកង់កូរ៉េមួយគ្រឿង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ បានកើតឡើងនៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១១ ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ ស្ថិតនៅភូមិទំនាប ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកកាំម៉ាស ពណ៌ស-ក្រហម ពាក់ស្លាកលេខ ក.1020 ភព-3 ជារបស់ក្រុមហ៊ុនប្រេងសាំង L.H.R អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុរត់គេចខ្លួនបាត់ ។ រថយន្តដឹកប្រេង ពេលបើកមកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ គង់ មន ភេទប្រុស អាយុ៣៥ ឆ្នាំជាតិខ្មែរនៅភូមិ៧៦ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ស្លាប់នៅកន្លែងកើតហេតុ។ អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ។ រថយន្តនិងម៉ូតូទិសដៅបញ្ច្រសទិសគ្នា រថយន្តបើកពីជើង ទៅត្បូងហើយគេចជង្ហុក នៅលើផ្លូវក៏ជ្រុលទៅបុកម៉ូតូលើចិញ្ចើមផ្លូវខាងកើត ដែលកំពុងបើកបរពីត្បូងទៅជើង។
ក្រោយកើតហេតុកម្លាំងជំនាញ បានវាសវែងយកមធ្យោបាយ ពាក់ព័ន្ធមករក្សាទុក ៕