អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូច ចំនួន ១ គម្រោង នៅស្រុកកោះកុង
កោះកុង៖ ប្រភពពីរដ្ឋបាលខេត្តកោះកុងបានឲ្យដឹងថានៅថ្ងៃចន្ទទី២១ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរលោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូច (ផ្ទៃដីទំហំមិនលើស ១០ ហិកតា) ចំនួន ១គម្រោង នៅចំណុចគីឡូម៉ែត្រលេខ១១២-១១៣ ស្ថិតក្នុងឃុំត្រពាំងរូង ស្រុកកោះកុង។
ការចុះពិនិត្យនេះមានការចូលរួមពីសំណាក់តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកកោះកុង មេឃុំត្រពាំងរូង តំណាងមន្ទីរបរិស្ថានខេត្តកោះកុង និងតំណាងម្ចាស់គម្រោង។
ក្រោយពីក្រុមការងារបានពិនិត្យជាក់ស្តែងរួចមកឃើញថា ទីតាំងដែលស្នើសុំនេះគឺសមស្របទៅនឹងគម្រោងទេសចរណ៍ធម្មជាតិ ក្នុងនោះតំណាងរដ្ឋបាលខេត្តក៏បានធ្វើការគាំទ្រការអនុវត្តគម្រោង និងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីធ្វើយ៉ាងណាអោយការអនុវត្តគម្រោងនេះស្របទៅនឹងនីតិវិធីនៃការស្នើសុំវិនិយោគគម្រោងក្រោម១០ហិកតា គឺត្រូវតែជាគម្រោងទេសចរណ៍ធម្មជាតិ ដោយគ្មានការកាប់បំផ្លាញព្រៃឈើ មានការចូលរួមថែរក្សាបរិស្ថាន និងអនាម័យបានល្អ និងការលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារ និងការជាវផលិតផលក្នុងមូលដ្ឋានដើម្បីផ្គត់ផ្គង់ដល់អ្នកទេសចរណ៍៕