សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៨នាក់ ករណីវិវាទដីធ្លីឈានដល់ការផ្ទុះអំពើហឹង្សា នៅភូមិអូរឧកញ៉ាហេង
ព្រះសីហនុ៖ ករណីវិវាទដីធ្លីឈានដល់ការផ្ទុះអំពើហឹង្សា កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៨នាក់។ លោកអធិការស្រុកព្រៃនប់អះអាងថាមនុស្ស៨នាក់នោះជាភាគីខាងក្រុមហ៊ុនភឺន ផល្លា ចំណែកភាគីខាងពលរដ្ឋ មិនទាន់មានការឃាត់ខ្លួនទេ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន ប្រាប្រាប់កាសែតក្នុងស្រុកថា កាលពីម្សិលមិញនេះមាន ពលរដ្ឋពីរក្រុមបានប៉ះទង្គិចគ្នា ក្នុងរឿងជម្លោះដីធ្លីមួយកន្លែង ស្ថិតក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់រហូតដល់ផ្ទុះអាវុធ និងរងរបួសទាំងសងខាង។ ហេតុការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួន បណ្តោះអាសន្ន នូវមនុស្ស ៨នាក់ យកទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរនិងចាត់វិធានការ ច្បាប់ចំពោះជនដៃដល់។ នៅថ្ងៃនេះ សមត្ថកិច្ចកំពុងតែបន្តនីតិវិធីចុះស្រាវជ្រាវស្វែងរកការពិតបន្ថែមទៀត។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯកហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់ បញ្ជាក់រឿងហេតុនេះថា៖ជម្លោះដីធ្លីឈានដល់ផ្ទុះជាអំពើហិង្សានេះ កើតឡើង រវាងក្រុមហ៊ុន ភឺន ផល្លា និងប្រជាពលរដ្ឋ បណ្តាលឲ្យភាគីទាំងសងខាងរងរបួស ក្នុងនោះភាគីក្រុមហ៊ុនរងបួសមធ្យមចំនួន០២នាក់ (ប្រុស) រីឯភាគី ខាងប្រជាពលរដ្ឋ រងបួសមធ្យមចំនួន៣នាក់ (ស្រី១នាក់) មូលហេតុ ដោយសារខាងក្រុមហ៊ុន បានចុះ ហាមឃាត់ ប្រជាពលរដ្ឋ មិនឲ្យសាងសង់ផ្ទះ ទើបបណ្តាលឲ្យកើតជាអំពើហិង្សាឡើង ។ របាយការណ៍បន្ថែមថា ពេលមានហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ ដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលសាលាស្រុក ក្នុងនាមគណបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានចុះទៅអន្តរាគមន៍ រកដំណោះស្រាយ ប៉ុន្តែប្រជាពលរដ្ឋបានប្រមូលផ្តុំគា្នកាន់តែច្រើនឡើងហើយបិទផ្លូវមិនឲ្យខាងក្រុមហ៊ុនចេញមកក្រៅ ដោយចោទថា ខាងក្រុមហ៊ុន ប្រើអំពើហឹង្សានិងបាញ់គំរាមប្រជាពលរដ្ឋថែមទៀត ។ ក្នុងជម្លោះហឹង្សានេះ ក្រៅពីមានមនុស្សរងរបួស ក៍មានរថយន្តមួយគ្រឿងរបស់ភាគីក្រុមហ៊ុនរងការខូចខាតផងដែរ។ របាយការណ៍បញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្នមនុស្ស ចំនួន០៨នាក់ ដែលជាភាគីខាងក្រុមហ៊ុនរួមមាន ៖ ១.ឈ្មោះ គង់ រក្សា ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ។ ២. ឈ្មោះ សាំង កូ ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ៣.ឈ្មោះសុខ ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ៤.ឈ្មោះសៀ រដ្ឋាភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ៥.ឈ្មោះឡៅ តឹកយូ អាយុ៥៧ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ៦.ឈ្មោះចក់ សុគន្ធភេទប្រុស អាយុ៥៦ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៧.ឈ្មោះ សុង ចិន ភេទប្រុស អាយុ៣០ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៨.ឈ្មោះផាន សាពេជ្រ ភេទប្រុស អាយុ៣៧ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចុងក្រោយនៃរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់បញ្ជាក់ថា ចំពោះករណីថាមានការផ្ទុះអាវុធក្នុងជម្លោះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងដោះស្រាយបន្តតាមនីតិវិធី៕