ដើមឈើដ៏ធំមួយដើម នៅតំបន់អង្គរ ដួលរលំក្នុងព្រៃដោយខ្លួនឯង ឬវាត្រូវគេកាត់
សៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានពិនិត្យឃើញថា គណនី Facebook ឈ្មោះ Bun Von បានសរសេរខ្លឹមសារ និងរូបភាព បង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមថា ” នៅសៀមរាបយូរហើយ ទើបតែឃើញដើមឈើដ៏ធំមួយដើម នៅតំបន់អង្គរ ដែលបានដួលរលំក្នុងព្រៃ កុំសួរខ្ញុំថាវាដួលរលំដោយខ្លួនឯង ឬវាត្រូវគេកាត់ …” និងគណនីឈ្មោះ ounneang 2010 បានធ្វើវីដេអូឃ្លីបមកបង្ហោះផ្សព្វផ្សាយ ក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook និង Tik Tok ថា ” ថ្ងៃនេះមកលេងអង្គរវត្ត តែគេមិនឲ្យថត”។
អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើម្បីចៀសវាងសាធារណជនអ្នកសារព័ត៌មាន និងពិសេសអ្នកនិយម ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម មានការយល់ច្រឡំ អាជ្ញាធរជាតិអប្សរា សូមធ្វើការបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានធ្វើការស្រាវជ្រាវ និងសូមបញ្ជាក់ជូនថា ដើមឈើទាល ១ដើម មានមុខកាត់ទំហំ ១២០សង់ទីម៉ែត្រ កម្ពស់ ៣០ម៉ែត្រ ត្រូវបានដួលរលំនៅផ្នែកខាងជើងប្រាសាទតាព្រហ្ម ដោយមូលហេតុជំងឺពុកគល់ខ្លាំង និងដោយសារភ្លៀងខ្យល់ ក្នុងរដូវវស្សាឆ្នាំ២០២០នេះ។ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងកាត់សម្អាត និងអារច្រៀក ក្នុងនោះកំណាត់ឈើដែលអាចប្រើប្រាស់បាន គឺមានប្រវែងប្រហែល១៥ម៉ែត្រប៉ុណ្ណោះ។
អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនថា ជាទូទៅមុននឹងធ្វើការកាត់ដកហូតដើមឈើទាំងមូល កាត់ដកហូតដើមឈើពាក់កណ្ដាលដើម និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់ ក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរអប្សរា តែងតែជូនដំណឹងមុនឲ្យសាធារណជនបានជ្រាប និងក៏បានបញ្ជាក់ជូនផងដែរ នូវកាលបរិច្ឆេទ និងទីតាំងច្បាស់លាស់។
អាជ្ញាធរជាតិអប្សរា សូមឆ្លើយតបជូនគណនេយ្យ Facebook ឈ្មោះ ounneang 2010 ថា អាជ្ញាធរជាតិអប្សរា ពុំមានគោលការណ៍ ក្នុងការហាមឃាត់ ការថតវីដេអូដាក់ក្នុងបណ្តាញ Tik Tok នោះទេ ទោះបីជាយ៉ាងណា សកម្មភាពទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ គឺត្រូវគោរពអនុវត្តតាមក្រមប្រតិបត្តិអង្គរ ដែលបានដាក់ឲ្យអនុវត្តចាប់ពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ។
អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការផ្តិតយករូបភាពក្នុងតំបន់រមណីយដ្ឋានអង្គរ និងធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ពិសេសលើបណ្ដាញទំនាក់ទំនងសង្គម ដែលជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានចំណាប់អារម្មណ៍ និងកំណត់គោលដៅទស្សនកិច្ច នៅរមណីយដ្ឋានអង្គរ និងក៏សូមសំណូមពរ ដល់មហាជន សូមមេត្តាចៀសវាងធ្វើការសន្និដ្ឋាន វាយតម្លៃរឿងហេតុ ខ្វះការស៊ើបបញ្ជាក់ ដែលអាចបង្កឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រី និងអាជ្ញាធរជាតិអប្សរា៕