ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និង​សិង្ហ​បុរី ជា​ប្រទេស​តូច​មែន ប៉ុន្ដែ​មានការ​បើក​ជំហរ​សេដ្ឋកិច្ច​ដូចគ្នា​

62

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប ឯកឧត្តម Michael Tan Keng Siong ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្ដែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល​លោក​ត្រូវ​បញ្ចប់​អណ​ត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​
​ជាការ​ចាប់ផ្ដើម ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​អបអរសាទរ​កម្ពុជា ចំពោះ​ភាពជោគជ័យ​នានា​ក្នុង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ដៃគូ​។

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏បាន​លើកឡើង​អំពី​ការចុះហត្ថលេខា​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​កម្ពុជា និង​សិង្ហ​បុរី ជា​សមាជិក​។
​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សង្កត់ធ្ងន់ថា កម្ពុជា និង​សិង្ហ​បុរី ជា​ប្រទេស​តូច​មែន ប៉ុន្ដែ​មានការ​បើក​ជំហរ​សេដ្ឋកិច្ច​ដូចគ្នា​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏បាន​ជម្រាប​ថា សិង្ហ​បុរី និង​កម្ពុជា​នឹង​រួមសហការ​គ្នា​បង្កើត​មជ្ឍមណ្ឌល​ភស្ដុភារ​កម្ម​ភ្នំពេញ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​គ្រោង​នឹង​ចុះហត្ថលេខា​នាពេល​ឆាប់ៗ​នេះ ដើម្បី​ជួយ​គាំពារ​ដល់​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​ផងដែរ​។​

​ក្នុង​កិច្ច​ជំនួប​នេះដែរ ឯក​ឧ​ត្ត​រដ្ឋមន្ដ្រី បាន​ថ្លែងថា​កម្ពុជា និង​សិង្ហ​បុរី ជា​មិត្ត​ជិតស្និត ហើយ​តែងតែ​រួមសហការ​គ្នា​ដើម្បី​ទាញយក​ផលប្រយោជន៍​ទៅវិញទៅមក ក្នុង​គ្រប់​វេទិកា​ទាំងអស់ ទាំង​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក អាស៊ាន និង​វេទិកា​ផ្សេងៗ​ទៀត​ជាដើម​។ ឯកឧត្តម​ក៏បាន​បន្ថែមថា កន្លងមក ក្រសួងពាណិជ្ជកម្ម ក៏បាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ធុរជន​សិង្ហ​បុរី​ជួបប្រទះ​កន្លងមក​ផងដែរ​។​
​ជា​កិច្ចបញ្ចប់ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បានស្នើ​សុំ ឯកឧត្តម​រដ្ឋមន្ដ្រី​បន្ដ​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ដែល​មកកាន់​អណ​ត្តិ​ថ្មី ដែល​ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ជម្រាប់​លោក​វិញ​ថា ឯកឧត្តម នឹង​បន្ដ​សហការ​ជាមួយ​អគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុ​ជាថ្មី ដោយ​ក្រសួងពាណិជ្ជកម្ម​កន្លង​មក មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយ​ប្រទេស​សិង្ហ​បុរី​កន្លងមក ដើម្បី​ជុំរុញ​កិច្ច​សហ​ប្រតិ​ប​ត្ត​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​បន្ដទៀត​។ ឯកឧត្តម​រដ្ឋមន្ដ្រី ក៏បាន​ជូនពរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត Michael Tan Keng Siong បន្ដ​ទទួលបាន​ជោគជ័យ​ថែមទៀត​នៅក្នុង​ភារកិច្ច​ថ្មី​របស់​ឯកឧត្តម​។​

អត្ថបទដែលជាប់ទាក់ទង