អភិបាលខណ្ឌកំបូល ចុះពិនិត្យសកម្មភាពការងារ ជួសជុលពង្រីកផ្លូវនៅ ចំណុចរង្វង់មូលក្រមង៉ុយនិងកាយប្រឡាយបើកផ្លូវទឹកក្នុងភូមិទួលលៀប សង្កាត់ស្នោរ
ភ្នំពេញ៖នៅព្រឹកទី២៣ខែធ្នូឆ្នាំ២០២០នេះ ដោយអនុវត្តន៍តាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលរួមជាមួយលោកអភិបាលរង សេង គន្ធ និងលោកអភិបាលរង ហោ វាសនា បានដឹកនាំមន្ត្រីការិយាល័យ សាធារណការដឹកជញ្ជូនអនាម័យបរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈ លោកចៅសង្កាត់ឪឡោក ក្រុមប្រឹក្សាសង្កាត់ និងលោកប្រធានភូមិត្រពាំងអារ័ក្ស បានចុះពិនិត្យសកម្មភាពការងារជួសជុលនិងពង្រីកផ្លូវ នៅចំនុចរង្វង់មូលក្រមង៉ុយនិងពង្រីកចិញ្ចើមផ្លូវ សងខាងកាយប្រឡាយ បើកបើកផ្លូវទឹកចាប់ពីភូមិទួលលៀប សង្កាត់ស្នោរ ដោយឆ្លងកាត់ភូមិត្រពាំងអារ័ក្ស ភូមិពង្រនិងភូមិដូនរ័ត្ន សង្កាត់ឪឡោក ជាប់ព្រំប្រទល់ឃុំ ទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
គោលបំណងនៃការជួលជុល និងពង្រីកផ្លូវនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ចរាចរ ជាពិសេសសកម្មភាពដឹកជញ្ជូនផ្សេងៗដែលបច្ចុប្បនការដ្ឋានខាងលើ បាននឹងកំពុងដំណើរការធ្វើគ្រឹះបាត ។
ជាផែនការបន្ទាប់ពីបញ្ចប់ការងារជួសជុលពង្រីកនិងកាយប្រឡាយរួចរាល់លោកអភិបាលខណ្ឌ នឹងបំពាក់អំពូលសឡា ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុក ដាក់ដោះស្រាយនិងបំរើបងប្អូនប្រជាពលរដ្ឋដែលរស់នៅ តាមមូលដ្ឋានជានិច្ច ។
គួរបញ្ជាក់ផងដែរថា៖ សមិទ្ធិផលការងារជួសជុល ពង្រីកផ្លូវនិងកាយប្រឡាយ បើកផ្លូវទឹកនេះកើតចេញ ពីចូលរួមកៀងគរពីសប្បុរសជន ដែលប្រកបអាជីវកម្ម នៅក្នុងភូមិសាស្ត្រសង្កាត់ឪឡោក ខណ្ឌកំបូលតែម្តង ៕