ឃាត់ខ្លួនជនជាតិចិនម្នាក់ កាន់កាប់ រក្សាទុកអាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុកអាវុធខុសច្បាប់កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៣នឹង៥០នាទី។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ន ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ឃើញជនជាតិចិនម្នាក់ពាក់អាវខ្មៅ មានកាបូបសង្ស័យមានអាវុធខ្លី បានឡើងជិះរថយន្ត១គ្រឿង ម៉ាក LEXUS RX300 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AT-6732 នៅចំណុចផ្លូវពយកំពេញចាស់ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៣ ចុះទៅដល់កន្លែងទីតាំងខាងលើ រួចត្រួតពិនិត្យរថយន្តជាលទ្ធផល ឃើញមានជនជាតិចិន១នាក់ និងរកឃើញមានអាវុធខ្លី១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ មានលេខសម្គាល់ 58C315204 បង់កាំភ្លើង១ មានគ្រាប់៩គ្រាប់។
លោកស្នងការបន្តថា បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនម្នាក់នោះ និងរថយន្ត១គ្រឿងខាងលើ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ។ ជនសង្ស័យឈ្មោះ Wu Hai Zhu ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ពុំមានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖ អាវុធខ្លី១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ មានលេខសម្គាល់ 58C315204 បង់កាំភ្លើង១ មានគ្រាប់ ៩គ្រាប់, ទូរស័ព្ទដៃ៣គ្រឿង (ម៉ាកi-Phone X ពណ៌ខ្មៅ ១គ្រឿង, ម៉ាកi-Phone X11 ពណ៌ទឹកមាស ១គ្រឿង និងម៉ាក i-Phone X 12 ពណ៌ខ្មៅ១គ្រឿង), រថយន្ត ១គ្រឿង ម៉ាក LEXUS RX300 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AT-6732។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ៕