គំនិតបញ្ញវ័ន្ដ៖ ស្លឹកអ្វីដែលថ្លៃជាងគេ ?
ភ្នំពេញ៖ស្លឹកអ្វីដែលថ្លៃជាងគេនរណារកឃើញខ្ញុំប៉ាវការ៉មកី៥០០រៀល ? សម្រាប់បងប្អូនដែលនៅជនបទពួកគាត់ប្រាកដជាពោលថាគ្មានអ្វីដែលថ្លៃជាងស្លឹកត្នោតនោះទេ ។
ស្លឹកត្នោតអាចដេរយកមកប្រក់ផ្ទះបាន វេចនំ ធ្វើនំកន្ដំ ព្រមទាំងច្នៃធ្វើជារបស់របរបានជាច្រើនមុខទៀតទៅតាមចំណង់ចំណូលចិត្តរបស់មនុស្ស ។ បើអ្នកកំពតគេថាស្លឹកចាកដែលអាចយកមកប្រក់ផ្ទះបានដូចគ្នា មិនតែប៉ុណ្ណោះនំស្លឹកចានខេត្តកំពតល្បីល្បាញខ្លាំងណាស់។
ខ្លះទៀតគេថាស្លឹកឈូកដែលសព្វថ្ងៃនេះហាងធំៗនៅភ្នំពេញគេយកមខ្ចប់បាយដាក់ឲ្យភ្ញៀវធ្វើឲ្យបាយនោះមានរសជាតិពិសេសដែលទទួលទានទៅមានរសជាតិអស្ចារ្យណាស់ ។
ខ្លះគេថាត្រចៀកជ្រូកដែលអាចយកមកធ្វើជាផាក់ឡូវបរិភោគជាមួយបាយ ឬ ធ្វើជាគ្រឿងក្លែមបានយ៉ាងឆ្ងាញ់ពិសារ ។ខ្លះថាត្រចៀកគោ និង ត្រចៀកក្របីក៏មិនអាចមើលរំលងបានដែរគេអាចយកវាមកលាយជាមួយសាច់យាវៗ ធ្វើស៊ុប ឬ ខ ឆ្ងាញ់ចម្លែកណាស់ ។
នេះជាទឡ្ហីករណ៍របស់មនុស្សនៅតាមតំបន់នីមួយៗដែលអំណះអំណាងនេះមិនខុសទេតែគេត្រូវគិតថាស្លឹកទាំងនេះគេអាចរកទិញបានហើយសម្បូរទៀតផង ។
ស្លឹកម្យ៉ាងទៀតដែលគេមិនអាចរកទិញបាននោះគឺស្លឹកត្រចៀក។ស្លឹកត្រចៀកមានតម្លៃណាស់វាគ្មាននរណាលក់ហើយក៏មិនអាចរកទិញបានដែរ ។ សម្រាប់មនុស្សសាមញ្ញគេអាចនិយាយបានថាត្រចៀកក្រៅពីប្រើសម្រាប់ស្ដាប់ដូចជាមិនមានអ្វីពិសេសឡើយ ។
អ្នកប្រាជ្ញ អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ទាំងឡាយអ្វីដែលគេបានមកខ្ពង់ខ្ពស់បែបនេះគឺដោយសារស្លឹកត្រចៀកដែលគេប្រើសម្រាប់ស្ដាប់ ។នៅក្នុងការសិក្សាសាលាចំណេះទូទៅក៏យ៉ាងដូច្នោះដែរអ្នកដែលចូលចិត្តស្ដាប់ការពន្យល់របស់គ្រូគេនឹងយល់ហើយមិនចាំបាច់ចំណាយពេលច្រើនដើម្បីសូត្រមេរៀនឡើយ ។
សម័យនេះទោះបីជាយុគសម័យកុំព្យូទ័រក័ពិតមែនតែនៅក្នុងការសិក្សាមួយគេមិនអាចមើលរំលងពីការប្រើប្រាស់ត្រចៀកដើម្បីស្ដាប់ដែរ ។អ្នកដឹកនាំប្រទេសសុទ្ធតែប្រើប្រាស់ស្លឹកត្រចៀកដើម្បីស្ដាប់នូវសំណូមពររបស់ប្រជាជនខ្លួន ស្ដាប់ជំនួយការខ្លួនពីវិធីធ្វើឲ្យប្រទេសមានការរីកចម្រើន ។
បើយើងក្រឡេកមើលទៅកាលពីសម័យព្រះនៅគង់ជាធរមានបណ្ដាសាវក្សរបស់ព្រះសុទ្ធតែប្រើត្រចៀកដើម្បីស្ដាប់ព្រះធម៌រហូតបានក្លាយជាព្រះអរហន្ត ណនិង ព្រះអរហន្តី ។
ទោះបីក្នុងយុគសម័យវិទ្យាសាស្ត្រនេះក៏ដោយក៏ស្លឹកត្រចៀកនៅតែមានតម្លៃដែរ ។បើនរណាម្នាក់ហ៊ានទះទ្រូងថាស្លឹកត្រចៀកមិនមានតម្លៃតើហ៊ានកាត់លក់ឬទេ ?៕