ព្រមានដកអាជ្ញាប័ណ្ណ ព្រមទាំងបិទកន្លែងព្យាបាលឯកជនណា មិនព្រមចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ ដោយនៅតែបន្តចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃសុក្រនេះ បានប្រកាសផាកពិន័យជាប្រាក់៥០០០.០០០រៀល (ប្រាំលានរៀល) ឬដកអាជ្ញាប័ណ្ណ ព្រមទាំងបិទកន្លែងព្យាបាលមិនឱ្យបន្តសកម្មភាពតទៅទៀត ដល់កន្លែងព្យាបាលឯកជនណា មិនព្រមចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ ដោយនៅតែបន្តចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។
ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតមួយជម្រាបមក លោក លោកស្រី ម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ ស្តីពីការក្រើនរំលឹកចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ ឬសេវាអមវេជ្ជសាស្ត្រ តាមកុំព្យូទ័រ ដោយយោងតាមសារាចរណែនាំលេខ ០៤១ អបស/មព ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ របស់ក្រសួងសុខាភិបាល ស្តីពីការចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ ឬសេវាអមវេជ្ជសាស្ត្រ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងសុខាភិបាលសូមជម្រាបជូន លោក លោកស្រី ដែលជាម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ ឱ្យបានជ្រាបថា រយៈកាលកន្លងមកនេះ ក្រសួងសុខាភិបាលបាន សង្កេតឃើញកន្លែងព្យាបាលជំងឺឯកជនមួយចំនួន បានអនុវត្តត្រឹមត្រូវទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្តីពី ការចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ។ ទន្ទឹមនឹងនោះដែរ ក៏នៅមានកន្លែងព្យាបាលជំងឺឯកជនមួយចំនួនទៀត នៅតែមិនព្រម អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យូទ័រ ដោយនៅតែបន្តការចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រ។
លោកជំទាវវេជ្ជបណ្ឌិត សូម លោក លោកស្រី ដែលជាម្ចាស់សេវាសុខា ភិបាលឯកជនទាំងអស់ អនុវត្តឱ្យបានត្រឹមត្រូវទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជា តាមកុំព្យូទ័រឱ្យបានទាំងអស់គ្នា។ ក្នុងករណីដែលនៅមានកន្លែងព្យាបាលជំងឺឯកជនណាមួយ មិនព្រមគោរពទៅតាម ការណែនាំខាងលើនេះទេ ក្រសួងសុខាភិបាល នឹងមានវិធានការយ៉ាងហ្នឹងម៉ាត់បំផុត ចំពោះកន្លែងព្យាបាលនោះ និងធ្វើការជាកពិន័យជាប្រាក់ចំនួន ៥ ០០០ ០០០ រៀល (ប្រាំលានរៀល) តាមប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រសួងសុខាភិបាល ឬដកយកអាជ្ញាប័ណ្ណមកវិញ ព្រមទាំងបិទកន្លែងព្យាបាលមិនឱ្យព្យាបាលអ្នកជំងឺតទៅទៀតឡើយ៕