រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើអធិបញ្ជាទៅព្រះរាជអាជ្ញា ចាត់វិធានការតាមច្បាប់ជាបន្ទាន់ លើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថព្រះមហាក្សត្រ
ភ្នំពេញ៖ នៅថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២០ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជម្រាបមកឯកឧត្តម ចឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សំណើចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយយោងមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប ឯកឧត្តមព្រះរាជអាជ្ញា ជ្រាបថា ឈ្មោះ សម រង្ស៊ី បានបង្ហោះសារតាមរយៈគណនី ហ្វេសប៊ុក របស់ខ្លួន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដែលមានខ្លឹមសាថា “… ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់ មានទាំងស្តេចទីងមោងផងដែរ”។ ខ្លឹមសារនៃសារដែលឈ្មោះ សម រង្ស៊ី បាននិងកំពុងផ្សព្វផ្សាយជាសាធារណៈ តាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។ ទង្វើនេះគឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ
នៃមាត្រា៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ។
យោងតាមមាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌សូម ឯកឧត្តមព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះអំពើប្រមាថចំពោះអង្គព្រះមហាក្សត្រខាងលើ ដោយអនុវត្តស្របតាមនីតិវិធីជាធរមាន៕