ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនធានធម្មជាតិប្រើប្រាស់កាន់តែច្រើនកាន់តែរេចរឹល តែធនធានមនុស្ស កាន់តែប្រើ កាន់តែរីកចម្រើន

90

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូលនៅព្រឹកថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងឱកាសថ្លែងចំណាប់អារម្មណ៍ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍លើកឡើងអំពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ គេអាចអភិវឌ្ឍប្រទេសជាតិតាមយុទ្ធសាស្ត្រច្រើន ដែលក្នុងនោះមានដូចជាការអភិវឌ្ឍប្រទេសជាតិដោយពឹងផ្អែកលើធនធានធម្មជាតិ ដែលមានស្រាប់ និងការអភិវឌ្ឍប្រទេសជាតិដោយផ្អែកលើធនធានមនុស្សជាដើម ប៉ុន្តែការអភិវឌ្ឍប្រទេសជាតិដោយពឹងផ្អែកលើធនធានមនុស្ស គឺជាយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយចីរភាព និងស្ថិរភាពជាង។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា ការអភិវឌ្ឍដោយពឹងផ្អែកលើធនធានធម្មជាតិ និងការអភិវឌ្ឍដោយពឹងផ្អែកលើធនធានមនុស្ស ខុសគ្នានៅត្រង់ថា ធនធានធម្មជាតិប្រើប្រាស់កាន់តែច្រើនកាន់តែរេចរឹល តែសម្រាប់ធនធានមនុស្ស កាន់តែប្រើ កាន់តែរីកចម្រើន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់បន្ថែម ដោយលើកឡើងពីករណីការអភិវឌ្ឍប្រទេសជាតិ ដោយផ្ដោតសំខាន់លើចំណេះដឹង និងធនធានមនុស្សនៃបណ្ដាប្រទេសរីកចម្រើនមួយចំនួនដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា ប្រទេសទាំងនេះបានអភិវឌ្ឍប្រទេស ដោយចាប់ផ្ដើមពីការពង្រឹងវិស័យអប់រំ និងធនធានមនុស្ស ដោយក្នុងនោះដូចជាប្រទេសជប៉ុន គឺជាប្រទេសដែលគ្មានធនធានធម្មជាតិ ប៉ុន្តែគេអាចអភិវឌ្ឍប្រទេសជាតិ រហូតដល់ក្លាយទៅមហាអំណាចសេដ្ឋកិច្ចទី២ និងធ្លាក់មកលេខ៣ ក្រោយការងើបឡើងនៃសេដ្ឋកិច្ចចិន៕

អត្ថបទដែលជាប់ទាក់ទង