រថយន្តមួយគ្រឿង បើកបរដោយបុរសជនជាតិចិន បុកប៉ះនិងម៉ូតូ បណ្តាលអោយបុរសម្នាក់ជនជាតិខ្មែររងរបួសធ្ងន់
ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តមួយគ្រឿងនិងម៉ូតូមួយគ្រឿងបុកប៉ះគ្នា បណ្តាលអោយបុរសជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ នៅតាមបណ្ដោយផ្លូវសេតេ ចំណុចខាងមុខកាស៉ីណូយ៉ាព័រ នៅវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ ៣ ក្រុង/ខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាក Highlander ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AP-8063 បើកបរដោយជនជាតិចិន ឈ្មោះ Chen Shijang ក្នុងពេលដែលមកដល់កន្លែងកើតហេតុខាងលើបានបើករថយន្តមកអែបស្ដាំដើម្បីបត់បកក្រោយភ្លាមៗស្រាប់ម៉ូតូ honda wave ពណ៌ខៀវខ្ចីគ្មានស្លាកលេងបើកបរដោយជនជាតិខ្មែរក្នុងទិសដៅស្របគ្នាក៏បុកប៉ះចំទ្វាររថយន្ដខាងឆ្វេងផ្នែកខាងក្រោយបណ្ដាលឱ្យបុរសដែលជាម្ចាស់ម៉ូតូបុកផ្ទប់ជាមួយនឹងទ្វាររួចបោកទៅនឹងថ្នល់បណ្ដាលអោយរបួសធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យភ្លាមៗចំណែកឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកធ្វើការវាស់វែង និងយកទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រង់ចាំការដោះស្រាយតាមនីតិវិធី៕