បើកម៉ូតូបុករថយន្តពីក្រោយ ស្លាប់២នាក់ ឪពុកកូន និងប្រពន្ធរបួសធ្ងន់
កំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ស្លាប់២នាក់ របួសម្នាក់ ដោយសាររថយន្តមួយគ្រឿងឈប់លើគន្លងផ្លូវម៉ូតូរង់ចាំបត់ចូលផ្ទះ ត្រូវម៉ូតូមួយគ្រឿង បើកបុកពីក្រោយ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៦ និង ២៦ នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៥៥-២៥៦ ចំណុចភូមិពោខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
បើតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្របទិសពីកើតទៅលិច រវាងរថយន្តនិងម៉ូតូគុបបណ្ដាលឲ្យស្លាប់២នាក់ របួស ១នាក់ ដោយម៉ូតូម៉ាកគុប ពណ៌ខៀវ ផ្លាកលេខភ្នំពេញ 1AD- 0457 បើកបរដោយឈ្មោះប៉ាង ម៉ន ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរកសិករ ពាក់មួកសុវត្ថិភាព បើកបរពីកើតទៅលិច ស្លាប់នៅកន្លែងកើតហេតុ។ អ្នករួមដំណើរជាមួយរួមមាន ១- ឈ្មោះ ម៉ន តុលា ភេទប្រុស អាយុ ១២ឆ្នាំ ត្រូវជាកូន ពាក់មួកសុវត្ថិភាពស្លាប់នៅកន្លែងកើតហេតុ។ ២- ឈ្មោះ នឿន ភេទស្រី អាយុ ៤៣ឆ្នាំ ត្រូវជាប្រពន្ធ របួសធ្ងន់។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខកំពង់ធំ 3A- 1863 បើកបរដោយឈ្មោះ ណា ទ្រី ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បើកបរស្របទិស រត់គេចខ្លួន។ សមត្ថកិច្ចបញ្ជាក់មូលហេតុជាបឋម បង្កឡើងដោយរថយន្តឈប់លើគន្លងផ្លូវម៉ូតូ រង់ចាំបត់ចូលផ្ទះ ។ ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែងនៅទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រមូលវត្ថុតាងទាំងពីរ យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕