វេទិកាសាធាររណៈថ្នាក់រាជធានី ១ថ្ងៃធ្វើឡើងនៅក្នុងខណ្ឌចំនួន២ តែប្រជាពលរដ្ឋមិនបានលើកឡើងពីកង្វល់ពាក់ព័ន្ធនឹងសន្តិសុខនោះទេ
ភ្នំពេញ៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅថ្ងៃទី៣០ធ្នូនេះបានធ្វើឡើងទាំងព្រឹកនិងល្ងាច ពោលគឺពេលព្រឹកបានធ្វើឡើងនៅក្នុងខណ្ឌចំការមន និងពេលល្ងាចធ្វើឡើងនៅខណ្ឌច្បារអំពៅ ។ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍នោះ ក្នុងវេទិកាសាធារៈទាំង២ខណ្ឌនេះប្រជាពលរដ្ឋមិនបានលើកឡើងពីកង្វល់របស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ដើម្បីអោយអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចជួយឡើយ ។ពួកគាត់សុំតែម្យ៉ាងគឺ ជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយកង្វល់របស់ពួកគាត់ពាន់ព័ន្ធនឹងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានដែលមានដូចជាកាស្ថាបនាផ្លូវ លូ ប្រឡាយ និងការដាក់ភ្លើងបំភ្លឺសាធារណៈជាដើម។
វេទិកាសាធារណៈនៅពេលព្រឹកថ្ងៃទី៣០ខែធ្នូនេះបានធ្វើឡើងនៅក្នុងមូលដ្ឋានខណ្ឌ ចំការមនដែលមានទីតាំងនៅសាលាខណ្ឌចំការមន ក្រោមអធិបតីភាព លោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ហើយពេលល្ងាចធ្វើឡើងនៅខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្សនិងលោកហួត ហៃអភិបាលរងរាជធានីភ្នំពេញ ។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញដែលបានធ្វើឡើងនៅខណ្ឌចំការមន នាព្រឹកថ្ងៃ៣០ធ្នូ ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរបន្តជួយដោះស្រាយ លើបញ្ហាជួសផ្លូវសំបុក្រមាន់ នៅតាមសង្កាត់មួយចំនួន បញ្ហាប្រព័ន្ធលូ ការកាត់បណ្តាញអគ្គិសនីដែលមិនរៀបរយតាមដងផ្លូវ កាត់លះមែកឈើ ស្តាប្រឡាយបឹងត្របែកឱ្យចរន្តទឹកហូរទៅស្ថានីយ៍បានលឿន និងស្នើសុំបង្គោលភ្លើងជាដើម។
ចំណែកវេទិកាសាធារណៈដែលបានធ្វើឡើង ល្ងាចថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០នៅខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋបានលើកឡើងពីការសុំការពង្រីកតួស្ពានការសុំធ្វើទ្វាទឹក ដើម្បីងាយស្រួលបើក បិទទឹក ការសុំដាក់អំពូលភ្លើង បង្គោលភ្លើងសាធារណៈជាមួយនឹងការសុំការស្ថាបនា លូនិងទឹកស្អាតផងដែរ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានចាត់ទុកការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាតួនាទីភារកិច្ច របស់មន្រ្តីសាធារណៈដែលត្រូវបំពេញនិងបំរើដោយឥតលក្ខខណ្ឌ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមន្រ្តីបំរើរាស្រ្តដោយស្មោះត្រង់ និងឆ្លើយតបនឹងតម្រូវការចាំបាច់។
លោក ប៉ា សុជាតិវង្ស បានជម្រុញឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ រាប់តាំងពីមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ត្រូវបន្តយកចិត្តទុកដាក់ ចុះបំពេញតួនាទីភារកិច្ច និងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនឱ្យបានជាប់ជាប្រចាំក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានដឹងលឺ និងរកយន្តការដោះស្រាយជូន។ សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ។
សូមបញ្ជាក់ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង សម្រាប់មួយខណ្ឌៗ ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកវេទិកានេះ បានចំនួន១៣ខណ្ឌមកហើយរួមទាំងខណ្ឌចំការមននេះ នៅសល់តែ១ខណ្ឌទៀតនឹងបញ្ចប់ ដូច្នេះ រាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ នឹងត្រូវបានដោះស្រាយជូនជាបន្តបន្ទាប់ សម្រាប់ឆ្នាំ២០២០នេះ៕