ចាប់សត្វស្វាកាចៗ ចេញពីតំបន់ឧទ្យានអង្គរ យកទៅព្រលែងឲ្យរស់នៅបែបធម្មជាតិ នៅតំបន់ក្រៅឧទ្យានអង្គរ
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីចាប់សត្វស្វាកាចមួយចំនួន ចេញពីតំបន់ឧទ្យានអង្គរ យកទៅព្រលែងឲ្យរស់នៅបែបធម្មជាតិនៅតំបន់ក្រៅឧទ្យានអង្គរ។
ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា បច្ចុប្បន្នចំនួនសត្វស្វា នៅតំបន់ឧទ្យានអង្គរ មានការកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ។ ប៉ុន្តែ មួយរយៈចុងក្រោយនេះ មានបុគ្គលមួយចំនួនតូច ចាប់ផ្តើមផ្តល់ចំណីរហូតសត្វស្វាផ្លាស់ប្តូរទម្លាប់ និង បានថតជាវីដេអូសកម្មភាពសត្វស្វាទាំងនោះ មកបង្ហោះក្នុងបណ្តាញសង្គម ដើម្បីស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន។ សកម្មភាពផ្តល់ចំណី និងថតវីដេអូនេះ ក្រៅពីបង្កនូវភាពអនាធិបតេយ្យ ក៏បណ្តាលឱ្យសត្វស្វាមួយចំនួនផ្លាស់ប្តូរនូវធម្មជាតិរបស់ខ្លួន ក្លាយទៅជាសត្វកាច ចេះដណ្ដើមចំណី និងបង្ករបួសស្នាមដល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប៉ះពាល់ដល់បដាព័ត៌មាន និងបានធ្វើឱ្យប៉ះនូវថ្មប្រាសាទជាយថាហេតុ (រូបភាពភ្ជាប់ជូន)។
សកម្មភាពកេងប្រវ័ញ្ចលើសត្វស្វានេះ ក៏ធ្លាប់ត្រូវបានក្រុមអង្គការការពារសិទ្ធិសត្វ ប្តឹងមករាជរដ្ឋាភិបាលកម្ពុជា ឱ្យចេញវិធានការទប់ស្កាត់ផងដែរ។ ដើម្បីដោះស្រាយករណីចំពោះមុខ អាជ្ញាធរជាតិអប្សរា បានពិភាក្សាស្វែងរកដំណោះស្រាយ សមស្របជាមួយដៃគូសហការពាក់ព័ន្ធ ដូចជា រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចឯកភាពកំណត់អត្តសញ្ញាណ សត្វស្វាកាចមួយចំនួនទាំងនោះ ដើម្បីចាប់ចេញពីតំបន់ឧទ្យានអង្គរ យកទៅព្រលែងឱ្យរស់នៅតាមបែបធម្មជាតិ នៅតំបន់ក្រៅឧទ្យានអង្គរ ក្រោមការចាត់ចែងផ្ទាល់ដោយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាស្ថាប័នជំនាញផ្នែកសត្វព្រៃ។
ក្រុមការងារបានសម្រេចប្រើប្រាស់កាំភ្លើង បាញ់ដាក់ថ្នាំសណ្តំ ដើម្បីចាប់សត្វស្វាកាចទាំងនោះ ដែលបច្ចេកទេសនេះ មិនមានហានិភ័យបណ្តាលឱ្យ សត្វស្វាងាប់ដូចដែលបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានលើកឡើងនោះឡើយ សូមពិនិត្យមើលបណ្តាញភ្ជាប់មកជាមួយ (https://m.facebook.com/story.php?story_fbid=13121414491475 62&id=28946158145559)។ ក្នុងពេលបច្ចុប្បន្ន សត្វស្វាទាំងនោះ កំពុងត្រូវធ្វើចត្តាឡីស័កនៅឧទ្យាន សួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃតាម៉ៅ មុនយកទៅព្រលែងក្នុងព្រៃធម្មជាតិ ដូចមានបណ្តាញ ភ្ជាប់មកជាមួយ (hnps://www.facebook.com/412441342188097/posts/3404565252975676/? d=n) ។
ឆ្លៀតឱកាសនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនបន្ថែមថា នៅក្នុងប្រតិបត្តិការចាប់សត្វ ស្វាកាចកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺបានចាប់តែសត្វស្វាកាចចំនួន១៦ក្បាលប៉ុណ្ណោះ រីឯសត្វ ស្វាស្លូតដទៃទៀត ដែលរស់នៅជុំវិញប្រាសាទបាយន្ត គឺពុំមានការចាប់យកចេញនោះទេ ។ ក្នុងនោះក៏ពុំ បណ្តាលឱ្យមានសត្វស្វាពីរក្បាលងាប់ ដូចការលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនថារាល់សត្វស្វា ដែលបានចាប់នោះ សុទ្ធតែត្រូវបានអ្នកជំនាញ និងមន្ត្រី បុគ្គលិក អាជ្ញាធរជាតិអប្សរាប្រចាំទីតាំងផ្ទាល់ បានបញ្ជាក់ថា ជាសត្វស្វាកាចពិតប្រាកដមែន ។ ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏បានធ្វើសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបផងដែរ អំពី ការចាប់សត្វស្វាកាចមួយចំនួនចេញពីតំបន់អង្គរកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងសូមមេត្តាកុំបន្តចែកចាយព័ត៌មានមិនពិត ដែលនាំឱ្យប៉ះពាល់ដល់ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មានសមត្ថកិច្ច ក្នុងការរៀបចំគ្រប់គ្រងតំបន់អង្គរ ឱ្យមានភាពល្អប្រសើរ និងមានសុវត្តិភាពដល់អ្នកទស្សនាគ្រប់ៗរូប។ ការបញ្ឈប់ចែកចាយព័ត៌មានមិនពិត ក៏ជាសកម្មភាពមួយ ចូលរួមដោយផ្ទាល់ក្នុងការលុបបំបាត់ សកម្មភាពកេងចំណេញលើរូបភាពសត្វស្វា ក្នុងតំបន់ឧទ្យានអង្គរ ផងដែរ។ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ម្ចាស់នៃបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឱ្យបញ្ឈប់ នូវសកម្មភាពផ្សព្វផ្សាយព័ត៌មាន វាយប្រហារអាជ្ញាធរមានសមត្ថកិច្ច ដើម្បីផលចំណេញផ្ទាល់ខ្លួនតទៅទៀត និងងាកមកចូលរួមការពារ នូវអ្វីដែលជាតម្លៃនៃអត្តសញ្ញាណជាតិវិញ៕