គំនិតឡឺកឺ ៖ ពេលប៉ូលីសរវល់តាក់ស៊ីក្រឡុក
ភ្នំពេញ៖ស្ថានភាពចរាចរនៅទីក្រុងភ្នំពេញសព្វថ្ងៃវាមិនសូវល្អនោះទេ ពិសេសតាមបណ្ដាគល់ស្ពាននានាក្រុមឡានតាក់ស៊ីក្រឡុកសម្ហបើមណាស់នៅពេលដែលប៉ូលីសរវល់សម្រួលកុំឲ្យស្ទះនោះ ។
គល់ស្ពានច្បារអំពៅនិងគល់ស្ពានជ្រោយចង្វារផ្នែកខាងកើតតាក់ស៊ីក្រឡុក ស្ទើរតែគ្រប់ពេលតែម្ដង។ ពេលព្រឹកព្រលឹមពេលសិស្សានុសិស្ស និស្សិត មន្ត្រីរាជការ់ បុគ្គលិកក្រុមហ៊ុនសម្រុកចេញទៅធ្វើការនោះ ស្ថានភាពផ្លូវមហាសែនអាក្រក់ ។ ប៉ូលីសត្រូវឈររៀបចំសណ្ដាប់ធ្នាប់រាប់ម៉ោងដើម្បីកុំឲ្យស្ទះ ។
ក្នុងស្ថានភាពបែបនេះលោកតាក់ស៊ី និងអ្នកហៅម៉ូយដាក់តាក់ស៊ីរួមទាំងរ៉ឺម៉ក ដែលដឹកភ្ញៀវមកដាក់តាក់ស៊ី ដើម្បីបានកម្រៃជើងសារ(កុំមីស្យុង)នោះ បើកប្រជ្រៀតគ្នាដោយមិនខ្វល់ពីច្បាប់ចរាចរណ៍ ឬ រំខានដល់ការធ្វើដំណើររបស់អ្នកដទៃឡើយ ។ ករណីនេះប្រសិនបើប៉ូលីសហ៊ានតែងាកមករៀបចំក្រុមរញ៉េរញ៉ៃទាំងនោះ ការស្ទះចរាចរណ៍នឹងកាន់លំបាកដោះតែម្ដង ។
ក្រុមអ្នកហៅម៉ូយវិញរត់មិនខ្លាចឡានបុកទេទោះបីឡានកំពុងតែលឿន ក៏គេហ៊ានរត់ឆ្លងដែរដើម្បីប្រជែងយកម៉ូយ ។និយាយដោយត្រង់ទៅស្ថានភាពអាក្រក់បែបនេះប៉ូលីសចរាចរណ៍តែម្នាក់ឯង មិនអាចធ្វើទាន់វេលានោះទេគួរតែមានផ្នែកជាច្រើនជួយអន្តរាគមន៍នៅម៉ោងចូល និងចេញទៅធ្វើការ ។
ចៅហ្វាយខ័ណ្ឌច្បារអំពៅ និងខ័ណ្ឌជ្រោយចង្វារតើអាចមានវិធានការក្ដៅ ដើម្បីកាត់បន្ថយការក្រឡុករបស់ក្រុមដែលពាក់ព័ន្ធជាមួយអេគីបតាក់ស៊ីទាំងនោះបានឬទេ ? បើមិនកើតទេគួរតែឲ្យអ្នកតាក់ស៊ីទាំងហ្នុង មានអាជ្ញាប័ណ្ណក្រឡុកតែម្ដងទៅដើម្បីឲ្យពួកគេទាំងហ្នឹងក្លាយជាអ្នកក្រឡុកស្របច្បាប់ ៕