កម្ពុជារកចំណូល តាមរយៈនេសាទ បានជាង១ពាន់លានដុល្លារអាមេរិក និងផលិតផលវារីវប្បកម្មចំនួនជាង៨០០លានដុល្លារអាមេរិក
ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្មថាឆ្នាំ២០២០ នេះ កម្ពុជា នាំចេញផលិតផលជលផល បានក្នុងបរិមាណសរុប៣៥៩០តោន ក្នុងតម្លៃទឹកប្រាក់ជាង ៨០លានដុល្លារអាមេរិក ទន្ទឹមនឹងទិន្នផលត្រីទឹកសាបធម្មជាតិ ត្រូវប៉ាន់ប្រមាណថាធ្លាក់ចុះបន្ដិច ក្នុងរង្វង់ ១៣ភាគ រយ ។ សរុបផលនេសាទ ទឹកសាបទឹក សមុទ្រ និងវារីវប្បកម្មក្នុងឆ្នាំ២០២០កន្លងមកនេះចំនួន១៨០០ លានដុល្លារ បើធៀបកាលពីឆ្នាំ២០១៩ មានការធ្លាក់ចុះបន្ដិច ។
យោងតាមផេកផ្លូវការរបស់ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី០៤មករានេះថា នៅឆ្នាំ២០២០ ផលិតផលជលផលសរុបមានចំនួន៩៣ម៉ឺនតោន ក្នុងនោះ ផលិតផលទឹក សាប មានចំនួន៤១ម៉ឺនតោន ផលិតផលសមុទ្រ មានចំនួន ១២ ម៉ឺនតោន និងផលិត ផលវារីវប្បកម្មចំនួន ៤០ម៉ឺនតោន។ ជាមួយគ្នានេះតម្លៃប៉ាន់ស្មានសរុបនៃផលិត ផល នេសាទទឹកសាប និងសមុទ្រ មានចំនួនជាង១ពាន់លានដុល្លារអាមេរិក និងផលិតផលវារីវប្បកម្មចំនួនជាង ៨០០លានដុល្លារអាមេរិក។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា តាមលក្ខណៈ បច្ចេកទេស រដ្ឋបាលជលផលបានព្យាករផលនេសាទទឹក សាបសរុប ដូចជា តាមទន្លេ បឹង ស្ទឹង ព្រែក អូរ ត្រពាំង និងវាលស្រែ ក្នុងឆ្នាំ២០២០ អាចមានកម្រិតទាបជាងឆ្នាំ២០១៩ប្រមាណ១៣ភាគរយ ដោយ សារវិសាលភាពនៃកម្រិតទឹកជំនន់ទាបក្នុងបឹងទន្លេសាប, ទន្លេមេគង្គនិងការប្រែប្រួល អាកាសធាតុ។
លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ផលត្រីដែលទទួលបានពីការធ្វើវារីវប្បកម្មមានការកើនឡើងប្រមាណ៣០ភាគរយ បើប្រៀប ធៀបក្នុងឆ្នាំ២០១៩ ។ តួលេខនេះ បានបញ្ជាក់យ៉ាងច្បាស់ថា អនុវិស័យវារីវប្បកម្មបាន និងកំពុងបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក ជំនួសឱ្យផលនេសាទដាយត្រី និងផលនេសាទក្នុងដែននេសាទ ស្របតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល គឺត្រូវជំរុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាភាគច្រើន ត្រូវបាន នាំចេញផលិតផលនេសាទទៅកាន់ប្រទេសជិតខាង ដូចជា វៀតណាម និងថៃ បន្ទាប់មកសិង្ហបុរី ជប៉ុន កូរ៉េ និងចិនជាដើម៕. សំរិត