ប្រធានក្រុមប្រឹក្សាខេត្ដ ស្នើឱ្យមន្ត្រីរាជការគ្រប់ស្ថាប័ន បន្ដពង្រឹងសុវត្ថិភាពសន្ដិសុខ និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ
ព្រះសីហនុ៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ដព្រះសីហនុ ថ្ងៃអង្គារទី៥ ខែមករា ឆ្នាំ២០២១ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៩ ដែលមានការចូលពី ឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលា ខេត្ត នាយកទីចាត់ការសាលាខេត្ត ប្រធានមន្ទីរ អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
នៅក្នុងឱកាសនោះ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ មានប្រសាសន៍ថា សូមកោតសរសើរចំពោះការ ខិតខំប្រឹងប្រែងអនុវត្ដតួនាទីភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការដឹកនាំ គ្រប់គ្រង់ និងផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋបានប្រសើរ ធានាបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ រួមទាំងការកសាង កែលម្អហេដ្ឋារចនា សម្ព័ន្ធនានាក្នុងក្រុង-ខេត្ដ បានលទ្ធផលជាបន្ដបន្ទាប់។ ទន្ទឹមនឹងនោះ ឯកឧត្ដម ក៍បានស្នើសុំឱ្យមន្ត្រីរាជការគ្រប់ស្ថាប័នទាំង អស់បន្ដរួមសហការគ្នាអនុវត្ដផែនការកាងារអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត សម្រាប់ឆ្លើយតបទៅនឹងតម្រូវការ បច្ចុប្បន្នរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ដើម្បីធានាបាននូវសន្ដុសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន ។ល។
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដើម្បីអនុវត្ដគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការកសាងកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន គឺត្រូវការចំបាច់មានការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងអង្គ ភាពស្ថាប័ន ព្រមទាំងវិស័យឯកជនផងដែរ ទើបបានឆ្លើយតបទៅនឹងការអភិវឌ្ឍប្រកបដោយចីរភាព (យើងមិន មែនជាអ្នក ក្លាហាន អាចប្រើប្រាស់ថវិកាខ្លួនឯងសុទ្ធទេ)។ សម្រាប់គម្រោងអភិវឌ្ឍឆ្នាំ២០២១ មាន៩គម្រោង បន្ទាប់ពីបានការអនុម័ត សម្រេចពីក្រុមប្រឹក្សាខេត្ដថ្ងៃនេះ ថ្ងៃស្អែករដ្ឋបាលខេត្ដ (ឯកឧត្ដម) នឹងចេញលិខិតដាក់ទៅក្រសួងមហាផ្ទៃ ដើម្បីសុំការ អនុលោមក្នុងការអនុវត្ដគម្រោងឱ្យបានទាន់ពេលវេលាប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព ចាប់អនុវត្ដពី ដើមឆ្នាំតទៅ ចៀសវាងភាពយឺតយ៉ាវដូចឆ្នាំ២០១៩ និងឆ្នាំ២០២០កន្លងទៅនេះ ដែលការអនុវត្ដគម្រោង គឺបានចាប់ផ្ដើម ពាក់កណ្តាលឆ្នាំ។ ឯកឧត្ដម ក៍បានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានស្រុក-ក្រុង បន្ដខិតខំប្រឹងប្រែងដឹកនាំ គ្រប់គ្រង និងកៀរគរ ថវិកាសម្រាប់អនុវត្ដ គម្រោងឱ្យបានជោគជ័យសម្រាប់អភិវឌ្ឍនៅក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានរបៀបវារៈ ចំនួន៩ យកមកពិនិត្យ និងពិភាក្សា រួមមាន៖ ១-មតិស្វាគមន៍បើកកិច្ចប្រជុំ ២-ពិនិត្យកូរ៉ុម ៣-ពិនិត្យ និងអនុម័តលើសេចក្តី ព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត។ ៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ច ប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្ត។ ៥-ពិនិត្យ និងអនុម័តរបាយ ការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (ថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០)។ ៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត។ ៧-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងស្តីពីការកែសម្រួល គម្រោងអភិវឌ្ឍន៍ខេត្តឆ្នាំ២០២១។ ៨-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ។ ៩-ប្រសាសន៍បូកសរុប ប្រកាសកាល បរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកក្រោយ និងបិទអង្គប្រជុំ៕