ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងចម្រុះចុះ​ឆែកឆេរផ្ទះ​ របស់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​

102

ភ្នំពេញៈ​នៅ​​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ សហ​ការ​ជាមួយ​កម្លាំង​នគរបាល​​រាជធានី​ភ្នំពេញ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នគរបាល​ខណ្ឌ​កំ​បូល និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំ​បូល​ ​ក្រោម​ការ​សម្របសម្រួល​ពីលោកគុជ​គឹមឡុង​ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​និង​ស្រាវជ្រាវ​ផ្ទះ​មួយ​កន្លែង​លេខ​B9 ផ្លូវ​បេតុង​បុរី​ទឹម សា​ខន ស្ថិត​នៅ​ក្នុងភូមិ​តា​កេរ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ដែលជាកម្មសិទ្ធរបស់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។
​ក្រោយ​ពេល​​ធ្វើការ​​ពិនិត្យ​ជាក់ស្តែង​គឺ​ផ្ទះ​របស់​ជនសង្ស័យ​នេះ​បាន​ចាក់សោរ​ទុក​ចោល​គ្មាន​មនុស្ស​នៅឡើយ ហើយ​ក៏​ឆែក​មិនឃើញ​អ្វី​ដែរ ទើប​ពេល​នោះ​គណៈកម្មការ​ចម្រុះ​ក្រោម​ការ​ដឹកនាំ​បាន ​សម្រេច​ឃ្លុមបេ​ចាក់សោរ​ផ្ទះ​ទុក​រួច​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ឃ្លាំមើល​បន្ត​ទៀត ​។

គួរំលឹកថា​ថា កាលពី​ម៉ោង​១២​និង​៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​ផ្ទះសំណាក់​យីហោ​«​សាំង​ហ័​រ​ទៀន​» ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ មាន​​ករណីបាញ់ប្រហារ​​នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ បណ្តាល​ឱ្យបាត់បង់ជីវិត ​ដែល​បង្ក​ឡើង​ដោយ​ជន​ដៃដល់​មាន​គ្នា​២​នាក់​ផ្ដើម​ចេញពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍​។
​ក្រុម​ឃាតករ​បើករថយន្ត​ម៉ាក​Lexus RX-300 ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ​សៀមរាប 2A-4546 បុក​ពីក្រោយ​រថយន្ត​ម៉ាក FORD Raptor F-150 ពាក់​ស្លាក​លេខ​ភ្នំពេញ 2BD-3738 របស់​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ហើយ​ប្រុង​គេចខ្លួន​តែ​ត្រូវ​ជន​រង​គ្រោះ​ដក​កាំភ្លើង​ភ្ជង់​ឲ្យ​ឈប់ ។​ក្រោយមក​ពេល​ដែល​ជន​រង​គ្រោះ​ភ្លេចខ្លួន​ក៏​ត្រូវ​ជន​ដៃដល់​ដក​កាំភ្លើង​បាញ់​​ជាច្រើនគ្រាប់​ រួច​គេច​ខ្លួន​បាត់​តែ​ម្ដង​។
ជន​រង​គ្រោះ​ឈ្មោះ​រ៉េ​ត ស៊ី​ណែ​ត ហៅ​ញ៉​ក់ អាយុ​៣៩​ឆ្នាំ​ ជា​មន្ត្រី​នគរបាល​មាន​ឋានន្តរស័ក្ដិ​វរសេនីយ៍ទោ នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៦៩ ផ្លូវ​លេខ​១៦៩ ភូមិ​៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ជន​ដៃដល់​ខាងលើ​បាន​បាញ់​ត្រូវ​ខ្នង​៣​គ្រាប់​និង​ថ្ងាស​១​គ្រាប់ ​ហើយបានបាត់បង់ជីវិត​​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ ។បន្ទាប់​មក​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហ​ការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា​ជន​ដៃដល់​។​
លុះដល់​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២១ ទើប​សហ​ការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កែ ចាន់​មាន ដែល​ជា​អ្នក​បើក​រថយន្ត នៅ​ចំណុច​ផ្ទះ​ជួល​ជិត​ប​ច្ឆា​វត្ត​ទួល​តា​ឯក ស្ថិត​ក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ។
​កាលពី​វេលា​ម៉ោង​៩និង​៥០​នាទី​យប់​ថ្ងៃ​ទី​៤ ខែមករា ជន​ដៃដល់​បាន​បើករថយន្ត​ចេញពី​ខេត្តស្ទឹងត្រែង ទៅ​កាន់​ខេត្ត​រតនគីរី ហើយ​បន្ត​ចូល​ទៅ​កាន់​ខេត្ត​មណ្ឌល​គី​រី​ហើយ​ពេល​ទៅ​ដល់​ស្រុក​កោះ ញែក ជនសង្ស័យ បាន​បើករថយន្ត​បំ​បុក បា​រ៉ា​ស់​សមត្ថកិច្ច រត់គេច​ចូល​ព្រៃ​បាត់ ។​ប៉ុន្តែពេល​នោះ​កម្លាំងមនគរបាល​បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់​និង​ក្មេង​ម្នាក់​ដែល​ត្រូវជា​ប្រពន្ធ​កូន​និង​ប្អូន​សាច់ថ្លៃ របស់ ជនសង្ស័យ​រួចកម្លាំងនគរបាលកំពុង​បន្ត​តាម​ចាប់ខ្លួន​ជន​ដៃដល់នោះ​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង