សត្វចាបព្រៃដ៏កម្រស្ទើផុតពូជ នៅកម្ពុជា បានបង្ហាញខ្លួន ឡើងវិញមានប្រមាណ២០ក្បាល នៅតំបន់អភិរក្សទេសចរណ៏បឹងព្រែកល្ពៅ ខេត្ដតាកែវ
តាកែវ៖ ក្រុមការងារប្រចាំតំបន់ដឹកនាំដោយលោក លី សម្ភស៍ ជាមន្ត្រីសម្របសម្រួលអង្គការBirdLife និង លោក ឈឿន សុជាតិ ប្រធានក្រុមឧទ្យានុរក្ស បានកត់ត្រាវត្តមានសត្វចាប ព្រៃប្រមាណជាង២០ ក្បាល នៅតំបន់ទេសចណ៏ និងតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ខេត្ដតាកែវ ក្រោយពីបាត់ដំណឹងអស់រយៈពេលបីឆ្នាំមកហើយ ក្នុងពេលដែលក្រុមការងារ ចុះទៅកត់ត្រា សត្វក្រៀល កាលពីរសៀលថ្ងៃទី០៤ មករា ឆ្នាំ២០២១ ។
ការបង្ហាញខ្លួនរបស់ចាបព្រៃនេះ បង្ហាញឱ្យឃើញថា ទីជម្រកដែលមាននៅតំបន់ដីសើមនេះបានដើរតួ យ៉ាងសំខាន់ក្នុងការរស់នៅ និងពងកូនរបស់សត្វស្លាប ទឹក ជាច្រើនប្រភេទ ដូចជាក្រៀល ចង្កៀលខ្យង រនាលពណ៌ ត្រដក់ ។ និងសត្វស្លាបទេសន្តរប្រវេសន៍ ដូចជាសត្វចាបព្រៃវែងនេះជាដើម។ ដោយឡែកការទន្ទ្រានដី កង្វះទឹកនារដូវប្រាំង និងការបំពុលបណ្តាល មកពីការប្រើប្រាស់ថ្នាំ និងជីកសិកម្មហួសកម្រិត គឺជាកត្តាគំរាមកំហែងដែលកំពុងកើតមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។
លោក ឈឿន សុជាតិ. បានបញ្ជាក់ថា សត្វចាបព្រៃវែង គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ជិតផុតពូជបំផុតដែលកំណត់ក្នុងបញ្ជីក្រហម IUCN អាស្រ័យ ដោយចំនួនរបស់វានៅលើពិភពលោកបានថយចុះជាង ៨០% នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ បក្សីប្រភេទនេះបង្កកំណើតនៅអឺរ៉ុប និងអាស៊ីខាងជើង បន្ទាប់មកបំលាស់ទីមកកាន់តំបន់អាស៊ី ដូចជាឥណ្ឌា ចិនភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ ភូមា រហូតដល់រដូវត្រជាក់ ពួកវាត្រទ្បប់ទៅប៉ែកអឺរ៉ុបវិញ។ កាលមុនឆ្នាំ២០០០ នៅកម្ពុជាគេឃើញវត្តមានពួកវាជាហ្វូងធំរហូតដល់ជាង១០០០ក្បាល ប៉ុន្តែនាពេលបច្ចុប្បន្ន វត្តមានរបស់វាមានជាក្រុមតូចពេលខ្លះមានតែ២ ក្បាលក៏មាន។
សូមបញ្ជាក់ថា៖ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏ធំមួយដែលស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ការពារទេសភាពបឹង ព្រែកល្ពៅ តាមរយៈអនុក្រឹត្យ លេខ៩០អនក្រ.បក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។ សូមចូលរួមការពារតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺចូលរួមការពារសត្វស្លាបជិតផុតពូជ៕ .សំរិត