រថយន្តមិនស្គាល់ម៉ាក បើកបុកម៉ូតូពីក្រោយ បណ្តាលឲ្យជាងដែកម្នាក់បោកក្បាលនៅនឹងថ្នល់ស្លាប់
ភ្នំពេញ៖បុរសម្នាក់បានស្លាប់ ពេលពីជិះម៉ូតូចេញពីធ្វើការតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ត្រូវរថយន្តមិនចាំម៉ាក បើកមកបុកចំពីខាងក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូប៉ើងទៅមុខជាង២០ម៉ែត្រ។ ចំណែកឯរថយន្តបង្កបន្តបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល កាលវេលាម៉ោង ៩ និង២០នាទីយប់ ថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ចំណុចជិតច្រកចូលសាលាខណ្ឌមានជ័យ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ផែន ចាន់ទី ហៅប៉ាជូលី ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល នៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ មានស្រុកកំណើតនៅភូមិបឹងព័ទ្ធ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់សេ ២០១២ ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1-BC 7511 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត បើកស្របគ្នាក្នុងល្បឿនលឿន មកបុកម៉ូតូចំពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូប៉ើងទៅមុខជាង២០ម៉ែត្រ បណ្តាលឲ្យម្ចាស់ម៉ូតូជាជនរងគ្រោះដួលបោកក្បាលនៅនឹងថ្នល់ ស្លាប់ក្នុងថ្លុកឈាម។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយខាងចរាចរណ៍ជំនាញខណ្ឌមានជ័យ ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សព ទៅឲ្យក្រុមគ្រួសារ។ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្តរករថយន្តបង្ក ឃាត់មកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕