គំនិតឡឺកឺ ៖ ឯកឧត្តម ឬ អាចម៍ម៉ាដុំ
ភ្នំពេញ៖ស្រុកខ្មែរយើងសព្វថ្ងៃនេះ មានមនុស្សជាច្រើនចង់ឲ្យគេហៅខ្លួនថា ជាឯកឧត្តមណាស់ ។ តាមពិតងារជាឯកឧត្តមគឺជាសញ្ញាដែលបញ្ជាក់ថា អ្នកនោះមានឋានានុក្រមខ្ពស់ក្នុងស្ថាប័នរដ្ឋ ។
តែមិនអញ្ចឹងទេមានអ្នកខ្លះមិនទាន់មានបុណ្យសក្តិ ដល់កម្រិតត្រូវហៅឯកឧត្តមផងនោះ ខំចំកោងខ្នងឲ្យគេហៅខ្លួនថាឯកឧត្តមនេះបានចំជាគ្មានកេរ្តិ៍ខ្មាសមែន។ ថ្ងៃមុនមានលោកមេឃុំមួយរូប រៀបចំការកូនដោយសារតែការរាប់អានគ្នា គាត់ក៏ហៅនាយខ្ញុំឲ្យទៅចូលរួមដែរ ។
ក្នុងលិខិតអញ្ជើញភ្ញៀវគាត់ រូបគាត់ជាឯកឧត្តម រីឯប្រពន្ធគាត់ជាជំទាវ ដែលត្រូវជាអាណាព្យាបាល. . .ខ្ញុំអានលិខិតអញ្ជើញនោះហើយមើលមុខគាត់ ។ គាត់ទំនងជារអៀសខ្លួន ក៏និយាយមុនថា អាអ្នកបោះសំបុត្រវាបោះខុស បែរទៅជាដាក់ឯងថាឯកឧត្តមេណាឆ្កុយ ។
ខ្ញុំមិនមាត់ទេ តែខ្ញុំគិតថាសំបុត្រការ ក្រោយពីគេធ្វើចេញជាគំរូមួយសន្លឹកហើយនោះ គេហៅម្ចាស់បោះនោះ មកពិនិត្យជាមុនសិន បើមិនខុសទើបគេបោះសម្រេចតែម្ដង តែលោកមេឃុំរូបហ្នុង មានចេតនាដាក់ខ្លួនឯងថាឯកឧត្តម ។ ខ្ញុំគិតថាបែបនេះសមតែអាចម៍ម៉ាដុំទើបសម ។
ទេប្រសិនបើគាត់ជាមេឃុំមែន តែគាត់មានមុខងារបន្ថែមជាទីប្រឹក្សា ឬ ជំនួយការអ្នកនេះ ឬ អ្នកនោះដែលមានឋានៈចាប់ពីអគ្គនាយកទៅនោះមិនជាស្អីទេ ។
ខ្ញុំធ្លាប់ឆ្លងកាត់ជំនាន់ប៉ុលពត ហើយអ្នកដឹកនាំខ្មែរ ដែលចូលរួមរំដោះទឹកដីនោះ ខ្ញុំធ្លាប់តែហៅពួកគាត់ថាបងៗ ហើយគាត់សប្បាយចិត្តជាងគេ ហៅគាត់ថាឯកឧត្តមទៀតផង ។ ថ្ងៃមុនជួបអ្នកធំម្នាក់នៅហាងគុយទាវ ។ គាត់ជាអ្នកមកពីស្រុកបារាំង ហើយគាត់បានធ្វើធំនៅសម័យក្រោយឆ្នាំ១៩៩៣នេះទេ ។
ខ្ញុំរាប់អានគាត់តាំងពីគាត់មកពីស្រុកបារាំងដំបូង ដោយសារតែព្រលឹមឡើងគាត់ហាត់ប្រាណជាមួយខ្ញុំ បន្ទាប់មកអង្គុយផឹកកាហ្វេចិញ្ចើមថ្នល់ជាមួយគ្នា ។ កាលនោះ ហៅគាត់តែបងៗទេ ហើយគាត់និយាយអួតថា ទោះជាគាត់ឡើងធំរហូតដល់ពាក់លោកខែ ឬ អង្គុយលើពពក ក៏គាត់មិនឲ្យគេហៅគាត់ឯកឧត្តមដែរ ។
ថ្ងៃមុនបានជួបគាត់នៅហាងកាហ្វេប្រេនដ៍ (BRAND) មួយក្នុងទីក្រុងភ្នំពេញ ។ គាត់ហៅខ្ញុំអង្គុយជាមួយក្នុងឋានៈជាអ្នកធ្លាប់ស្គាល់គ្នា។ ខ្ញុំដឹងថាគាត់ពេលនេះ មានមុខងារសមនឹងហៅថាឯកឧត្តមមែន តែខ្ញុំនៅចាំពាក្យគាត់ពីមុនដែលថា ទោះជាឡើងធំក៏គាត់មិនឲ្យគេហៅគាត់ថាឯកឧត្តមដែរ ។
ខ្ញុំសួរសុខទុក្ខគាត់ដោយផ្ដើមចេញពីពាក្យថា <បង> ។ គាត់ទម្លាក់ទឹកមុខចុះ ឯ ខ្ញុំក៏បានដឹងខ្លួនជាមុនដែរ ថាគាត់នឹងមានប្រតិកម្មតបវិញជាមិនខានចំពោះពាក្យដែលខ្ញុំហៅគាត់ថា <បង>។ គាត់តបវិញដោយស្រទន់ថា ប្អូនជាអ្នករៀនសូត្រចេះដឹងគ្រាន់បើដែរ ម៉េចក៏ប្អូនមិនដឹងថា ខ្ញុំមានងារជាឯកឧត្តម ដែលងារនេះព្រះមហាក្សត្រប្រទានឲ្យខ្ញុំ ។
ខ្ញុំមិនតបទេ តែខ្ញុំប្រាប់គាត់ថាខ្ញុំសុំទោស ខ្ញុំសុំចូលបន្ទាប់ទឹកមួយភ្លែតសិន ។ ខ្ញុំមិនចូលបន្ទប់ទឹកទេ គឺខ្ញុំមកកន្លែងគិតលុយហើយឲ្យគេគិតលុយដោយខ្ញុំចេញឲ្យទាំងគាត់ទៀតផង ។ ពេលខ្ញុំចាកចេញមិនដឹងជាគាត់និយាយអ្វីខ្លះពីខ្ញុំនោះទេ តែខ្ញុំមិនខ្វល់ ។
ខ្ញុំជិះម៉ូតូទៅកន្លែងធ្វើការដោយគិតថា ងារជាឯកឧត្តម មិនមែនកើតចេញពីពោះម៉ែ មកស្ពាយមកជាមួយឯណា ។ ឯកឧត្តម ពិតជាខ្ពង់ខ្ពស់មែន តែប្រយ័ត្នថ្ងៃណាមួយក្លាយជាអាចម៍ម៉ាដុំវិញហ្នា ?៕